(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបិទ សិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល។
សូមជម្រាបថា ការសម្ព័ន្ធមេត្រីភាពវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័នអង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងសប្បុរសជននានា បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមកម្មវិធីផ្សេងៗ និងបាននាំយកជាមួយនូវអំណោយគ្រឿងឧបភោគ បរិភោគ សម្ភារ មធ្យោបាយ ថវិកាជួយដល់កងទ័ព ដែលជាកាយវិការរួមចំណែកប្រកបដោយសមធម៌ ដែលមិនអាចខ្វះបានពីសំណាក់ដៃគូរសម្ព័ន្ធមេត្រីភាព ជួយសម្រាលការខ្វះខាតរបស់អង្គភាពកងយោធពលខេមរភូមិន្ទ។
អង្គស្ថាប័នអង្គភាពស៉ីវិល និងក្រុមហ៊ុនឯកជន បានចូលរួមចំណែកអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នូវសិល្បៈចែករំលែកតាមទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន គឺ «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ» «សមរភូមិក្រោយ ជួយសមរភូមិមុខ»។ ផ្តើមចេញពីអនុសាសន៍នេះសកម្មភាពការងារសម្ព័ន្ធមេត្រីភាពបានធ្វើឱ្យបណ្តាអង្គភាពកងទ័ពជួរមុខ រក្សាបាននូវការត្រៀមកម្លាំង តាមបទបញ្ជារបស់មេបញ្ជាការគ្រប់ជាន់ថ្នាក់ដែលបានដាក់ចេញឱ្យគ្រប់បណ្តាកងឯកភាព ត្រៀមប្រយុទ្ធគ្រប់ពេលវេលា។
បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងក្នុងពិធីបើកសិក្ខាសាលានាព្រឹកមិញថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិកម្ពុជា ឱ្យបានកាន់តែរឹងមាំ។
មេបញ្ជាការកងទ័ពជើងគោក បានបន្តថា ទោះបីមានបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន ដូចជាវិបត្តិនៃជំងឺកូវីដ១៩ ជាដើម ក៏ស្ថាប័ន-អង្គភាពស៊ីវិលស្ទើរទាំងអស់ ពិតជាបានពុះពារជម្នះការលំបាកដោយខិតខំបន្តរក្សាការប្រាស័យទាក់ទង និងជួយឧបត្ថម្ភដល់អង្គភាពកងទ័ពជាប់ជាប្រចាំ ហើយសម្ព័ន្ធមេត្រីភាពដែលកងយោធពលខេមរភូមិន្ទ ពុំអាចបំភ្លេចបាននោះ គឺការជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងបានផ្តល់ជំនួយឧបត្ថម្ភជួយដល់បណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិន តាំងពីដើមរៀងមកដោយឥតមានចន្លោះពេល។
ឈរលើមូលដ្ឋាននេះ ដើម្បីបង្កើនលទ្ធភាពទៅមុខឱ្យមាននិរន្តរភាព និងចីរភាព, អង្គភាពទ័ព និងដៃគូសម្ព័ន្ធមេត្រីភាព ក៏អាចសហការជួយគ្នារៀបចំគិតគូរអំពីការស្វែងរក និងការពង្រីកទីផ្សារឱ្យបានធំ និងរឹងមាំបន្ថែម តាមរយៈការពង្រីកទំហំផលិតកម្មក្នុងទម្រង់ជាសេដ្ឋកិច្ចមាត្រដ្ឋាន ដោយតម្រូវឱ្យមានការរៀបចំសហគមន៍គ្រួសារកងទ័ពដើម្បីបង្កបង្កើនផលសំដៅធានាប្រភពផ្គត់ផ្គង់ទិន្នផលក្នុងទីផ្សារឱ្យបានច្រើនគ្រប់គ្រាន់ និងទៀងទាត់តាមតម្រូវការ៕