(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំវេទិកាសាធារណៈលើកដំបូង ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ក្រោមអធិបតីភាពលោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន។ វេទិការសារធារណៈនេះ រៀបចំឡើងក្នុងគោលបំណង ស្តាប់នូវសំណូមពរនានា និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីកែលម្អនូវចំណុចអសកម្មនានា ក៏ដូចជាពង្រឹងការផ្តល់សេវានានា ក្នុងអង្គភាព ដើម្បីឆ្ពោះទៅសម្រេច ការងារដែលរាជរដ្ឋាភិបាល បានប្រគល់ជូន។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនលោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ដែលបានបំរើការ ងារនេះ អស់រយៈពេលជាង១០ឆ្នាំមកនេះ។ជាមួយគ្នានេះលោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីបេសកកម្មរបស់អាជ្ញាធរមីន គឺជាបេសកម្មមនុស្សធម៌ដ៏ថ្លៃថ្លា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល ត្រួតពិនិត្យ ក្នុងវិស័យសកម្មភាពមីន ដើម្បីសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ បន្ទាប់ពីស្តាប់មន្រ្តីរាជការ បុគ្គលិក ដែលបានលើកឡើងនូវបញ្ហាប្រឈមរួចមកលោកទេសរដ្ឋមន្រ្តី លី ធុជ និងមន្រ្តីបុគ្គលិកទាំងអស់ បានរួមគ្នាដោះស្រាយនូវបញ្ហា និងបានឯកភាពគ្នានៅការងារជាច្រើន ក្នុងនេះ ក្រុមការងារចំពោះមុខមួយចំនួន នឹងត្រូវបានបង្កើត ដូចជាក្រុមការងារវាយតម្លៃបុគ្គលិក ដើម្បីផ្តល់ការលើកចិត្តដល់មន្រ្តីឆ្នើមក្នុងស្ថាប័ន ដោយប្រកាន់នូវគោលជំហរច្បាស់លាស់ ការបំពេញការងារតាមតួនាទីប្រកបដោយប្រសិទ្ធភាព មានវប្បធម៌ចែករំលែក និងបំពេញការងារជាក្រុម។
ជាងនេះទៅទៀតលោកទេសរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីរាជការ បុគ្គលិកទាំងអស់ ឲ្យស្មោះត្រង់ដាច់ខាត ជាមួយរាជរដ្ឋាភិបាល និងស្មោះត្រង់ដាច់ខាតជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីផលប្រយោជន៌ជាតិមាតុភូមិ។ ជាចុងក្រោយ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្រ្តីលោកទេសរដ្ឋមន្រ្តី សេរី កុសល ជាអនុប្រធានទី១ និងលោកទេសរដ្ឋមន្រ្តី លី ធុជ នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានដោយជោគជ័យ ក្នុងបេសកកម្មមនុស្សធម៌នេះ ជូនរាជរដ្ឋាភិបាល ក្នុងការលប់បំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យអស់ពីតំបន់ដែលសង្ស័យ ក្នុងឆ្នាំ ២០២៥ខាងមុខ៕