(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលស្តីទីខេត្តកោះកុង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីពាក់ព័ន្ធចំណុះសាលាខេត្ត និងអាជ្ញាធរស្រុកមណ្ឌលសីមា ចុះពិនិត្យផ្ទាល់នៅទីតាំង លើដងផ្លូវជាតិលេខ៤៨ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានសំណង់ផ្ទាំងប៉ាណូឆ្លងកាត់ផ្លូវមួយកន្លែង នៅខាងមុខវិទ្យាល័យចាំយាម ដែលបានសភាពចាស់ទ្រុឌទ្រោម។
ហេតុការណ៍នេះ ក៏ដោយសារភ្លៀងខ្យល់បោកបក់ បណ្តាលឲ្យផ្ទាំងប៉ាណូបាក់ គ្រិចចំកណ្តាល និងចំហៀងកលនឹងបាក់រលំ។
លោកស្រីអភិបាលខេត្តស្តីទី បានណែនាំឲ្យអាជ្ញាធរស្រុកមណ្ឌលសីមា ចាត់ចែង ដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រោងឆ្អឹងដែក ដែលឆ្លងកាត់លើដងផ្លូវនោះចេញជាបន្ទាន់ ក្នុងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជាមួយគ្នានោះ បានណែនាំឲ្យទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងអាជ្ញាធរស្រុក ត្រូវចាត់អញ្ជើញម្ចាស់ក្រុមហ៊ុន ដើម្បីមកពិភាក្សាគ្នា ធ្វើការជួសជុលកែលំអ តាមសភាពជាក់ស្តែង ដើម្បីសោភ័ណ្ឌភាពខេត្ត ឲ្យមានសក្តនុពល និងអេកូទេសចរណ៍លើវិស័យទេសចរណ៍ ក្នុងការការទាក់ទាញភ្លៀវទេសចរជាតិ-អន្តរជាតិ ចូលមកកំសាន្តឲ្យមានកំណើនបន្ថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បានមួយកម្រិតផងដែរ៕