(ភ្នំពេញ)៖ ឧកញ៉ា គួច ផង ជំនួសមុខឲ្យសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិច, អនុប្រធានប្រតិបត្តិសភាយុវពាណិជ្ជករអន្តរជាតិ (ជេស៉ីអាយពិភពលោក - JCI WORLD) និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០៖១៨នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
យោងតាមសារលិខិតរំលែកមរណទុក្ខ ដែលឧកញ៉ា គួច ផេង ផ្ញើគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមប្រធានជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសភាយុវពាណិជ្ជករអន្ដរជាតិ (ជេស៉ីអាយ) ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិច និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំសូមចូលរួមរំលែកនូវមហាមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មានចំពោះមរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាជីដូនក្មេក របស់ឯកឧត្តមប្រធាន បានទទួលមរណភាពនៅវេលាម៉ោង ០០និង១៨នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ»។
មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់នូវអ្នកមានគុណដ៏ល្អ ដែលបានលះបង់កម្លាំងកាយចិត្តប្រកបដោយព្រហ្មវិហារធម៌ និងបានផ្តល់នូវសេចក្តីស្រឡាញ់ស្មើជីវិតដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំណែនាំផ្ដល់ដំបូន្មានល្អៗដល់កូន ចៅ និងចៅទួត ឲ្យក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំល្អរបស់ប្រទេស នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា និងជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលបានរួមចំណែកទាំងកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើនដើម្បីជួយកសាងសមិទ្ធផលនានា ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សភាយុវពាណិជ្ជករអន្តរជាតិទូទាំងតំបន់អាស៉ីប៉ាស៉ីហ្វិច សូមសម្តែងនូវការរំលែកមរណទុក្ខដោយក្ដីក្រៀមក្រំស្រណោះ និងអាឡោះអាល័យជាទីបំផុតជាមួយ ឯកឧត្តមប្រធាន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារដោយក្តីសង្វេគជាទីបំផុត។
យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធគ្រប់ទិសទីក្នុងលោក សូមជួយប្រោសព្រំដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី សូមបានសោយសុខ និងចាប់កំណើតនៅក្នុងសុគតិភព គ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងដោយសេចក្តីគោរពដ៏ស្មោះស្ម័គ្រអំពីខ្ញុំបាទ យើងខ្ញុំ៕