(សៀមរាប)៖ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ទៀ សីហា បានដឹកនាំក្រុមការងារ ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋជិត៣០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាស្រុកក្រឡាញ់។
ថ្លែងក្នុងពិធីដែលរៀបចំឡើងនៅបរិវេណសាលាឃុំចន្លាស់ដៃ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក ទៀ សីហា បានលើកឡើងពីគោលការណ៍ស្នូលរបស់កាកបាទក្រហមកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច និងមិនទុកឱ្យពលរដ្ឋណាមួយលំបាកឡើយ។ លោកសូមឱ្យពលរដ្ឋមានភាពអត់ធ្មត់ខ្ពស់ចំពោះស្ថានភាពដ៏លំបាកនេះ ពិសេសប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ បង្ការខ្លាចក្រែងលង់ទឹក។ល។
តាមលោកអភិបាលខេត្តសៀមរាប ស្ថានភាពទឹកនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា បានស្រកបន្ដិច តែក៏ស្ថិតក្នុងកម្រិតត្រូវតាមដានបន្តទៀត ខណៈប្រទេសជិតខាងកំពុងរងគ្រោះដោយសារព្យុះឈ្មោះ ណូរុ ហើយក៏មានឥទ្ធិពលបន្តមកដល់កម្ពុជាផងដែរ។ យ៉ាងណាក៏ដោយ តាមការព្យាករណ៍ព្យុះនេះបានបង្វែរគោលដៅទៅហួសដល់ប្រទេសថៃ ដែលលោក ទៀ សីហា មានក្ដីរំពឹងថា នឹងមិនមានភ្លៀងធ្លាក់ច្រើនទៀតទេ។
ប្រជាពលរដ្ឋដែលទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជិត៣០០គ្រួសារ ក្នុងឃុំចំនួន៥ នៃស្រុកក្រឡាញ់ មានឃុំសែនសុខ ឃុំចន្លាស់ដៃ ឃុំតាអាន ឃុំសំបួរ និងឃុំស្រណាល។ អំណោយមនុស្សដែលចែកជូននៅពេលនេះ រួមមានក្នុងមួយគ្រួសារទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ព្រមទាំងថវិកា ៥ម៉ឺនរៀល។
គួរបញ្ជាក់ថា ត្រឹមរយៈពេល៨ខែឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឆ្លើយតប និងផ្តល់ជូនអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួនជាង៦ពាន់គ្រួសាររួចហើយ៕