(កំពង់ស្ពឺ)៖ សមិទ្ធិផលរួមមាន កុដិ ព្រះវិហា របងវត្ត សាលាឆ័ន ស្រះទឹក ផ្លូវថ្នល់ សាលារៀន នៅក្នុងបរិវេណវត្តទំពូង ក្នុងឃុំមានជ័យ ស្រុកឧដុង្គតម្លៃសរុបជាង ១២៧លានរៀល ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ហើយនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមបរិយា ដ៏សប្បាយរីករាយ។
ឧត្ដមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស នាយកនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ និងលោកស្រី ជៀម ម៉ាលីន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះថា ការអភិវឌ្ឍ ការរីកចម្រើនទូទាំងប្រទេស ក៏ដូចជាសមិទ្ធផល ដែលដាក់ឲ្យប្រើប្រាស់នេះ ដើម្បីបម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ និងប្រជាពុទ្ធបរិស័ទ ហើយសមិទ្ធផលទាំងនេះផ្ដើមចេញពីថ្ងៃជ័យជម្នះថ្ងៃ ៧មករា និងនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព នាំដល់ការរីកចម្រើនលើគ្រប់ វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោក ភិន ផន មេឃុំមានជ័យ ស្រុកឧត្តុង្គ បានឲ្យដឹងថា កុដិថ្មថ្មី ០១ខ្នង កម្ពស់ ២ជាន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានទទឹងប្រវែង ៧ម៉ែត្រ បណ្តោយ ៩ម៉ែត្រ ដោយបានចំណាយអស់ទឹកប្រាក់ ១០២លាន ៨៤ម៉ឺនរៀល រួមនិងសិមិទ្ធផលនានាក្នុងវត្ត រួមមានការជួសជុលកុដិឈើ ជីកអណ្តូងទឹក និងអាងទឹក ចំណាយទឹកប្រាក់សរុបចំនួន ១២៧លាន ៨៦ម៉ឺន ២ពាន់រៀល។
ក្នុងនាមរាជរដ្ឋាភិបាល និងគណៈពង្រឹងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ លោក អ៊ុក កោសា បានសម្តែង នូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះព្រះសង្ឃ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសម្បុរសជន ដែលបានចំណាយធនធាន បរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចូលរួមកសាងនូវកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តទំពូង។ លោក បានចាត់ទុកថា នេះជាសមិទ្ធផលថ្មីមួយ ដែលបានឆ្លុះបញ្ចាំងអំពីភាពរីកចម្រើន ផ្នែកវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បម្រើឲ្យផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាពុទ្ធសាសនិកជន។
ឧត្តមសេនីយ៍ឯក អ៊ុក កោសា បានអំពាវនាវដល់អាជ្ញាធរដែនដី ព្រះសង្ឃ គណៈកម្មការវត្ត ប្រជាជន និង ពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ឲ្យគង់វង្សសម្រាប់វិស័យព្រះពុទ្ធសាសនា និងកូនចៅជំនាន់ក្រោយៗទៀត។
ក្នុងឱកាសនោះ លោក អ៊ុក កោសា និងលោកស្រី ជៀម ម៉ាលីន បានប្រគេនវត្តទំពូងនូវបច្ច័យចំនួន ៦០០ដុល្លារ, លោក វង្ស សាម៉ុន អនុរដ្ឋលេខាធិការក្រសួងផែនការ និងក្រុមការងារចុះជួយឃុំមានជ័យ ប្រគេនបច្ច័យវត្តទំពូង ១៤៥ដុល្លា និងប្រាក់រៀល ២០ម៉ឺនរៀល, លោក អ៊ុក កោសា និងលោកស្រី ក៏បានប្រគេនវត្តស្រះធុល សម្រាប់ស្តារស្រះទឹក បច្ច័យចំនួន ០១លានរៀល, សម្រាប់ស្តារស្រះទឹកនៅភូមិរោងគោ ថវិកា ៦លានរៀល, ឧបត្ថម្ភសាលាស្រុកឧត្តុង្គថវិកា ២លានរៀល ប្រជាការពារឃុំថវិកា ៨៧ម៉ឺនរៀល និងកងនគរបាល ១៥ម៉ឺនរៀល ព្រមទាំង បានចែកអំណោយអនុស្សាវរីយ៍ជូនក្រុមប្រឹក្សាភូមិ-ឃុំ លោកគ្រូអ្នគ្រូ និងប្រជាពលរដ្ឋ សរុបមាន៥០០នាក់ ក្នុងម្នាក់ៗមានក្រម៉ា០១ និងសាប៊ូ ០១ដុំ៕