(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើករដូវនេសាទ សម្រាប់ឆ្នាំ២០២២-២០២៣ ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
រដ្ឋបាលជលផល បានឲ្យដឹងថា រដូវបើកនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖
* ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែមេសា។
* ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។ នៅក្នងរយៈពេលបើកនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប ស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
* ចំពោះអ្នកនេសាទដែលមានបំណងធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ «ម៉ាញ់» នៅដងទន្លេមេគង្គ និងដងទន្លេសាប ក្នុងទីតាំងដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ត្រូវអញ្ជើញមកទំនាក់ទំនងសុំលិខិតអនុញ្ញាតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តពាក់ព័ន្ធ ដើម្បីទទួលការណែនាំពីសមត្ថកិច្ចជំនាញជលផលអំពីបច្ចេកទេស និងបទបញ្ជានានា ដែលពាក់ព័ន្ធដល់ការធ្វើនេសាទ៕