(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៤៧គ្រួសារ មានសមាជិក២៨៥នាក់រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវិនិយោគទីលានវាយកូនហ្គោលបាននាំគ្នាដាក់ពាក្យបណ្ដឹងចូលទៅលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីសុំអោយលោក ជួយរកយុត្តិធម៌អោយ បន្ទាប់ពីក្រុមហ៊ុនវាយកូនហ្គោលនេះបានរំលោភបំពានយកដីរបស់ពួកគាត់ជាង១៦ហិកតាអស់រយៈពេលជិត១០ឆ្នាំមកហើយ ហើយប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៅតាមស្ថាប័នមានសមត្ថកិច្ចមួយចំនួនតែនៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ចូលទៅក្រសួងរៀបចំដែនដីកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះបានស្នើសុំអោយលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ជួយអន្តរាគមន៍ហាមឃាត់ការសាងសង់ ការចុះបញ្ជីដីធ្លី និងមានចំណាត់ការគាំទ្រដោះស្រាយឡើងវិញជាបន្តលើពាក្យបណ្ដឹងដែលក្រុមហ៊ុនវិនិយោគទីលានវាយកូនហ្គោលរំលោភយកដីអាស្រ័យផលរបស់ពួកគាត់ ដែលមានទំហ៊ំ១៦,២៩៦៨ហិកតាស្ថិតនៅក្នុងភូមិ ឃុំពួកគាត់រស់នៅសព្វថ្ងៃ ព្រោះកន្លងមកទោះបីជាពួកគាត់បានប្ដឹងទៅតាមស្ថាប័នផ្សេងៗរហូតដល់សម្ដេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលចំណារអន្តរាគមន៍អោយស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយជូនប្រជាពលរដ្ឋយ៉ាងណាក៏ក្រុមហ៊ុនមួយនេះមិនគោរព និងអនុវត្តតាមដែរ។ ដូច្នេះពួកគាត់សង្ឃឹមជាលើកចុងក្រោយទៅលើលោករដ្ឋមន្ត្រីដែលបានប្រកាសបញ្ចេញកណ្ដាប់ដៃដែកទៅលើអ្នកធំ ឈ្មួញ ឧកញ៉ា ទាំងឡើយណាដែលនៅតែបន្តរំលោភបំពានយកដីប្រជាពលរដ្ឋតទៅទៀតគឺលោកមិនលើកលែងអោយឡើយ។
សូមបញ្ជាក់ថា អ្នកភូមិដែលមានទំនាស់ដីធ្លីដោយសារក្រុមហ៊ុនវាយកូនហ្គោល ធ្វើការឈូសឆាយ និងសាងសង់ សំណង់នានា បំពានមកលើដីពួកគាត់ដែលមានទំហំជាង ១៦ហិកតានោះ បានរៀបរាប់ថា ដីទំនាស់ ខាងលើដើមឡើយមានទំហំជាង ៣០ហិកតា ជាប្រភេទដីធ្វើស្រែប្រាំងទំនាបបឹង ដែលគ្រប់គ្រងដោយ ប្រជាពលរដ្ឋចំនួន ៣២គ្រួសារ នៅអំឡុងឆ្នាំ១៩៩១ ។ លុះក្រោយមកដោយសារពិបាកធ្វើដំណើរទៅធ្វើស្រែ និងដេកចាំ ណាមួយការប្រែប្រួល របស់ធម្មជាតិធ្វើមិនសូវបានផល ម្ចាស់ស្រែក៏បានផ្អាកធ្វើមួយរយៈ នៅអំឡុងឆ្នាំ២០០៥ ។ ពេលឃើញអ្នកភូមិព្រែកថ្មីផ្អាកធ្វើ អ្នកភូមិព្រែកធំ ឃុំក្បាលកោះ ដែលមានព្រំប្រទល់ជាប់គ្នាក៏ចូលមកធ្វើបន្ត ហើយអ្នកភូមិព្រែកថ្មី ដោយខ្លាចបាត់បង់ដីរបស់ខ្លួនទៅថ្ងៃក្រោយ ក៏បានឲ្យអាជ្ញាធរភូមិដែលជាអ្នកបែងចែកដីកន្លងមកធ្វើលិខិតបញ្ជាក់ទុកជាភស្តុតាង ។ នៅឆ្នាំ២០០៧ នៅពេលមានឈ្មួញចុះប្រមូលទិញដីនៅតំបន់នោះម្ចាស់ដី៣២គ្រួសារក៏បានស្នើទៅចៅសង្កាត់ព្រែកថ្មី ចេញលិខិតបញ្ជាក់កម្មសិទ្ធិដីឲ្យពួកគាត់ និងបន្ទាប់ពីអាជ្ញាធរចុះស្រាវជ្រាវរួចមក ក៏បានចេញលិខិតបញ្ជាក់ឲ្យពួកគាត់ តែខណៈនោះមានអ្នកភូមិព្រែកថ្មី ចំនួន១០៣គ្រួសារទៀត ដែលមានដីស្រែប្រាំង នៅពីលើដីរបស់ប្រជាពលរដ្ឋ៣២គ្រួសារ ក៏ចេញមុខប្ដឹងទាមទារយកចំណែកដី ជាង ៣០ហិកតានេះដែរ។ ក្រោយមានការប្ដឹងផ្ដល់ អាជ្ញាធរក៏ចេញមុខធ្វើការ សម្របសម្រួល ដោះ ស្រាយដោយចុងក្រោយភាគីទាំងពីរក៏ឯកភាពគ្នាដោយភាគី១០៣គ្រួសារទទួលបានចំណែកដី៦០% ស្មើ១៨ហិកតាភាគី៣២គ្រួសារទទួលបាន៤០% ស្មើនឹងចំនួនផ្ទៃដី ១២ហិកតាមានអាជ្ញាធរដឹងឮត្រឹមត្រូវ។
ជាក់ស្ដែងពាក់ព័ន្ធដីទំនាស់ខាងលើនេះកន្លងមក មន្ត្រីអាជ្ញាធរមូលដ្ឋានរួមទាំងអតីតមន្ត្រីភូមិ ឃុំតាំងពីសម័យក្រោយឆ្នាំ១៩៧៩ដែលនៅរស់ដល់សព្វថ្ងៃរួមទាំងមន្ត្រីដែលធ្លាប់ចែកដីទំនាស់ខាងលើអោយប្រជាពលរដ្ឋសុទ្ធតែចេញមុខធ្វើសាក្សីបំភ្លឺថាដីខាងលើនេះជាដីរបស់ប្រជាពលរដ្ឋពិតប្រាកដថែមទៀតផង។ក្នុងនោះសូម្បីតែអតីតអភិបាលស្រុកកៀនស្វាយសម័យមុនរួមមានលោកកុល សំអុស លោកហេង ធៀម លោកស្រីសុភ័គ្គ ថារី អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្ដាល សុទ្ធតែមានការដឹងឮធ្លាប់ចុះទៅកាន់ទីតាំងដីទំនាស់ធ្វើការវាស់វែងដោះស្រាយជូនប្រជាពលរដ្ឋដោយផ្ទាល់និងបានធ្វើរបាយការណ៏ រាយការណ៍ជូនទៅ ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចតេជោហ៊ុន សែន ធ្លាប់ចារអោយក្រុមហ៊ុនធ្វើការវិនិយោគតែលើទីតាំងដីគ្មានទំនាស់ទៀតផង។ប៉ុន្តែក្រុមហ៊ុនមួយនេះដែលអាងខ្នង និងបក្ខពួកបានបំពានលើចំណាររបស់ប្រមុខរាជរដ្ឋាភិបាលធ្វើសកម្មភាពប្រើប្រាស់គ្រឿងចក្រឈូសឆាយ សាងសង់សំណង់ផ្សេងៗនៅលើដីទំនាស់នេះជាបន្តបន្ទាប់ ដោយមិនខ្លាចញញើតច្បាប់អ្វីឡើយ៕