(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការងារជានាយករដ្ឋមន្ត្រី គ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិត្អូញត្អែរនោះឡើយ។ ការលើកឡើងនេះ បន្ទាប់ពីសម្តេចតេជោ បានមមាញឹកខ្លាំងនឹងការងារទាំងក្រៅប្រទេស និងក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ឱកាសអញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ទើបតែបញ្ចប់់ដំណើរទស្សនកិច្ចក្រៅប្រទេសដ៏យូរ ដើម្បីបំពេញការងាររួមមាន៖
* នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោបានអញ្ជើញទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២
* ធ្វើទស្សនកិច្ចនៅទីក្រុងឡាហាវ៉ា ប្រទេសគុយបាយ នៅថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២២
* អញ្ជើញទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ីនហ្ស៊ូ អាបេ ។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ដំបូង ខ្ញុំគួរនិយាយបន្តិចថា ខ្ញុំធ្វើដំណើរពេញផែនដី។ ព្រឹកមិញនេះ គេដាស់ឲ្យក្រោក។ មិនទាន់បើកភ្នែកទេ សួរគេថា នៅឯណា? ព្រោះពេលដែលចេញដំណើរពីកម្ពុជា ទៅដល់ក្រុងញូវយ៉ក, ចេញពីក្រុងញូវយ៉ក ទៅក្រុងឡាហាវ៉ា, ចេញពីឡាហាវ៉ា ទៅក្រុងតូក្យូ និងចេញពីតូក្យូ មកដល់ភ្នំពេញ។ ប៉ុន្តែការងាររបស់យើង គឺយ៉ាងដូច្នេះឯង។ គ្មានសិទ្ធិក្នុងការឈឺ គ្មានសិទ្ធិត្អូញត្អែរក្នុងការហត់ គឺត្រូវតែធ្វើ ដោយចៀសវាងមិនបាន»។
សម្ដេចតេជោ បានថ្លែងបន្តថា ល្ងាចនេះសម្តេចនឹងអញ្ជើញទទួលការយាងមាតុភូមិនិវត្តន៍ របស់ព្រះមហាក្សត្រ ហើយថ្ងៃស្អែកអញ្ជើញទៅសៀមរាប ជួបជាមួយប្រជាពលរដ្ឋនៅទីនោះផងដែរ៕