(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវទៅកាន់កម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងថ្នាក់ជាតិនិងមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ និងសាសនាសូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ ជួញដូរមនុស្ស និងបទល្មើសផ្សេងៗ។
ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺបានធ្វើឡើងក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យោងតាមរបាយការណ៍បានរាយការណ៍ពីករណីល្បែងស៉ីសងនៅតាមមូលដ្ឋាន អំពើជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការឆបោកពលករពីក្រៅប្រទេសឱ្យធ្វើការនៅកម្ពុជា ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាមិនអាចនៅស្ងៀមបានឡើយ ពោលគឺត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ឱ្យបានខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព។
សម្ដេចតេជោក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ ពុទ្ធចក្រ និងសាសនាផ្សេងៗទៀតសូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតនៅក្នុងប្រទេស ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ និងជួញដូរមនុស្ស។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «កុំឱ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្ម ជាកន្លែងលាងលុយកខ្វក់ ជាកន្លែងជួញដូរមនុស្ស»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានទួលស្នើព្រះសង្ឃនៃព្រះពុទ្ធសាសនា ក៏ដូចជាសាសនាដទៃសូមបង្កើនការផ្សព្វផ្សាយធម៌ ឬស្មារតីអប់រំចិត្តល្អៗឱ្យបានច្រើនដល់ប្រជាជន ដើម្បីជួយដាស់តឿនអូសទាញពួកគេឱ្យចាកផុតពីអំពើអបាយមុខ អំពើទុច្ចរិត ឬក៏ការលេងល្បែងភ្នាល់ផ្សេងៗ ដោយសម្ដេចតេជោជឿជាក់ថាមានតែប្រើប្រាស់វិធីអប់រំតាមបែបសាសនា និងការអប់រំតាមបែបរដ្ឋបាលនោះទេ ទើបអាចជួយបញ្ជ្រៀសអំពើទុច្ចរិតទាំងឡាយ ជួយឱ្យប្រជាជនមានសុខដុមរមនា សល់ថវិកា និងបង្កើនកម្លាំងកសាងសង្គម។
ជាមួយគ្នានោះ សម្ដេចប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាទៅកាន់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពបង្ក្រាប ទប់ស្កាត់ លុបបំបាត់ឱ្យបានព្រមៗគ្នា ទើបអាចជោគជ័យទៅបាន។ សម្ដេចបានបន្តថា នេះជាយុទ្ធនាការដ៏ធំមួយមានគោលដៅជាក់លាក់ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ និងបន្តធ្វើមិនឱ្យទន់ដៃនោះឡើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា យុទ្ធនាការបង្ក្រាបល្បែងស៉ីសងនេះនឹងរួមចំណែកក្នុងការកាត់បន្ថយនូវការជួញដូរមនុស្ស និងបង្កើនប្រសិទ្ធភាពដល់ការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ ការងារនេះក៏នឹងកាត់បន្ថយបញ្ហាចាញ់ល្បែង ការបង្ខំឱ្យធ្វើការងារសងបំណុល ហិង្សានិងជម្លោះក្នុងគ្រួសារ ព្រមទាំងការជួញដូរមនុស្សផងដែរ ពីព្រោះនេះជាធាតុផ្សំសម្រាប់ការទប់ស្កាត់អំពើជួញដូរមនុស្ស៕