(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាច្រើននាក់ ដែលធ្លាប់ចេញចូលទៅទិញទំនិញ នៅក្នុងផ្សារតាខ្មៅបាននិយាយថា ពួកគាត់សព្វថ្ងៃ មិនចង់ទៅទិញទំនិញនៅផ្សារក្រុងតាខ្មៅទៀតទេ ប៉ុន្តែដោយសារតែទ័លច្រក មិនមានពេលវេលាច្រើន សម្រាប់ទៅផ្សារផ្សេងទៀតទើបបានជាបង្ខំចិត្តទៅ។ ការមិនចង់ចូលនៅក្នុងផ្សារនោះ ក៏ព្រោះតែផ្សារតាខ្មៅនេះ ពោរពេញទៅដោយចោរលួចកាច់កម៉ូតូ ចោរឆក់ និងចោរលូកហៅប៉ៅ ធ្វើឲ្យពួកគាត់ទៅផ្សារម្តងៗ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន។ ចំណែកនគរបាល ឬប្រជាការពារ និងសន្តិសុខផ្សារវិញ គេសង្កេតឃើញដាក់កម្លាំងរាយនៅស្ទើរតែគ្រប់កន្លែងទាំងអស់ ប៉ុន្តែក្រុមចោរទាំងនេះ នៅតែធ្វើសកម្មភាពហើយគេចខ្លួនបានយ៉ាងងាយបំផុត។
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗ ធ្លាប់មកទិញទំនិញនៅផ្សារក្រុងតាខ្មៅ ហើយធ្លាប់ចោរលួចទ្រព្យសម្បត្តិរបស់ពួកគាត់នោះបាននិយាយថា ផ្សារតាខ្មៅគឺជាផ្សារ មួយមានទំនិញច្រើនប្រភេទ ហើយពួកគាត់អាចទិញយកទៅលក់បន្ត និងចំណេញបានកំរៃខ្លះផងដែរ ប៉ុន្តែវាធ្វើឲ្យពួកគាត់ភ័យខ្លាចដោយសារតែសន្តិសុខនៅក្នុងផ្សារនេះ វាមិនមានគ្រប់គ្រាន់សម្រាប់ពួកគាត់ចូលមកទិញ ទើបពួកគាត់ចំណាយសោហ៊ុយច្រើនបន្តិច ទៅរកផ្សារណាដែលមានសន្តិសុខ ពួកគាត់ដើរទិញទំនិញមិនខ្វល់និងទ្រព្យសម្បត្តិខ្លួនឯងនោះ។
ប្រជាពលរដ្ឋបានបន្តថា ផ្សារក្រុងតាខ្មៅបើនិយាយរឿងសន្តិសុខវាមិនមាននោះទេ តែបើនិយាយពីចោរលួច កាច់កម៉ូតូ ចោរឆក់ និងចោរលូកហោប៉ៅ គឺគួរឲ្យព្រឺសម្បុរព្រោះវាកើតឡើងជារៀងរាល់ថ្ងៃមិនដែលលោះ១ថ្ងៃណាឡើយ។ ពួកគាត់រំពឹងថា សមត្ថកិច្ច នឹងខិតខំពង្រឹងសន្តិសុខបន្ថែមនៅក្នុងបរិវេណផ្សារតាខ្មៅទាំង២ឲ្យកាន់មានសន្តិសុខគ្រប់គ្រាន់ជាក់ជាមិនខាន៕