(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព ឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្តរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៉ីវិល។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នអង្គភាពស៉ីវិល និងតំណាងក្រុមហ៊ុនឯកជនយ៉ាងច្រើន។ ខណៈពិធីបិទនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាទីស្តីការក្រសួងការពារជាតិ។

ការងារសម្ព័ន្ធមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៉ីវិល គឺជាគំនិតផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងសប្បុរសជននានា បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមកម្មវិធីផ្សេងៗ និងបាននាំយកជាមួយនូវអំណោយគ្រឿងឧបភោគ បរិភោគ សម្ភារ មធ្យោបាយ ថវិកាជួយដល់កងទ័ព ដែលជាកាយវិការរួមចំណែកប្រកបដោយសមធម៌ ដែលមិនអាចខ្វះបានពីសំណាក់ដៃគូរសម្ព័ន្ធមេត្រីភាព ជួយសម្រាលការខ្វះខាតរបស់អង្គភាពកងយោធពលខេមរភូមិន្ទ។

អង្គស្ថាប័នអង្គភាពស៉ីវិល និងក្រុមហ៊ុនឯកជន បានចូលរួមចំណែកអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នូវសិល្បៈចែករំលែកតាមទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន គឺ «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ» «សមរភូមិក្រោយ ជួយសមរភូមិមុខ»។ ផ្តើមចេញពីអនុសាសន៍នេះ សកម្មភាពការងារសម្ព័ន្ធមេត្រីភាពបានធ្វើឱ្យបណ្តាអង្គភាពកងទ័ពជួរមុខ រក្សាបាននូវការត្រៀមកម្លាំង តាមបទបញ្ជារបស់មេបញ្ជាការគ្រប់ជាន់ថ្នាក់ដែលបានដាក់ចេញឱ្យគ្រប់បណ្តាកងឯកភាព ត្រៀមប្រយុទ្ធគ្រប់ពេលវេលា។

ការងារសម្ព័ន្ធមេត្រីភាពកន្លងមក ក៏ដូចបច្ចុប្បន្ន សកម្មភាពការងារសម្ព័ន្ធមេត្រីភាព បានដំណើរការទទួលបានលទ្ធផលគួរជាទីមោទនៈទោះបីជាសកម្មភាពទទួលខុសត្រូវក្នុងអង្គភាពមួយចំនួននៅមានកម្រិត ប៉ុន្តែអង្គភាពមួយចំនួនធំ បានអនុវត្តឆ្លើយតបទៅនឹងអនុសាសន៍របស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកដ៏ធំធេងលើសកម្មភាពការងារសម្ព័ន្ធមេត្រីភាពរវាងកងយោធពលខេរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជន ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងដំណាក់កាលជំងឺកូវីដ១៩។

អង្គភាពជាដៃគូរសម្ព័ន្ធមេត្រីភាពនីមួយៗមានមនោសញ្ចេតនា និងការប្រាស្រ័យទំនាក់ទំនង គ្នាបានល្អជាប្រចាំទោះបីមានវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ស្មារតីនៃការជួយឧបត្ថម្ភ គាំទ្រទោះបីតិចក្តីច្រើនក្តី បានបង្ហាញអំពីទឹកចិត្តនៃការអនុវត្តក្នុងស្មារតីទទួលខុសត្រូវ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

ក្នុងឆ្នាំ២០២២ បានរៀបចំចងសម្ព័ន្ធមេត្រីភាពបន្ថែម៣កងឯកភាព ទី១៖ រវាងកងពលតូចអន្តរាគមន៍លេខ៦ មួយសាលាខេត្តត្បូងឃ្មុំ, ទី២៖ វរសេនាតូចស៊ើបការយោធភូមិភាគទី ៣ ជាមួយកំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនចម្ការអំពៅ ខេត្តកំពង់ស្ពឺ (ឧកញ៉ា លី យ៉ុងផាត់) និងទី៣៖ រវាងតំបន់ប្រតិបត្តិការសឹករងកណ្តាល ជាមួយឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកាសណ្ឋាគារសែនហាន។

បណ្តាអង្គភាពដែលទទួលបានជំនួយឧបត្ថម្ភជាសម្ភារៈ និងថវិកា បានប្រើប្រាស់ថវិកា សម្ភារៈ ទាំងនោះកសាង អភិវឌ្ឍអង្គភាព ចំគោលដៅធ្វើឱ្យម្ចាស់អំណោយមានជំនឿទុកចិត្ត បន្តជួយឧបត្ថម្ភគាំទ្ររហូតមក។ទោះបីមានការខិតខំប្រឹងប្រែង ហើយទទួលបានជោគជ័យយ៉ាងណាក្តីក៏មិនអាចជៀសផុតពីការខ្វះខាត បានឡើយ ជាក់ស្ដែងក្រុមហ៊ុន និងសប្បុរសជនមួយចំនួនមិនអើពើធ្វើសកម្មភាពជាមួយដៃគូរសម្ព័ន្ធមេត្រីភាព ទោះជាកងឯកភាពខិតខំទាក់ទងយ៉ាងណាក្ដីក៏នូវតែពុំអាចទាក់ទងបាន៕