(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់នឹងយាងត្រឡប់មកមាតុប្រទេសវិញ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។
ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដែលនេះជាព្រះរាជដំណើរពិនិត្យសុខភាពលើកទី២ របស់ព្រះអង្គ នៅប្រទេសចិន ក្នុងឆ្នាំ២០២២នេះ ខណៈលើកទី១ មានរយៈពេលជាង១ខែដូចគ្នា កាលពីខែមីនា-មេសា ឆ្នាំ២០២២។
ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។
ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ។
ប្រទេសទាំងពីរ គឺជាមិត្តដ៏រឹងមាំមិនអាចបំបែកបាន ដែលទំនាក់ទំនងដ៏ស្អិតរមួតនេះ ត្រូវបានបង្កើតឡើងដោយ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ខណៈដែលទំនាក់ទំនងនេះ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ និងកាន់តែខ្លាំងក្លាឡើងដោយរាជរដ្ឋាភិបាលប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។
អំឡុងពេលគង់ប្រថាប់នៅក្រុងប៉េកាំង ព្រះមហាក្សត្រ ទ្រង់ស្តេចយាងទស្សនាសារមន្ទីរខេត្តហ៊ូណាន នៃទីក្រុង Changsha ជាទីក្រុងប្រវត្តិសាស្ត្រមួយនៅជាប់នឹងឧទ្យានបដិវត្តន៍ Martyr's ដ៏ស្រស់ស្អាតផងដែរ។
នៅក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានព្រះរាជពិធីខួប១០០ ព្រះវស្សានៃថ្ងៃប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ ខណៈដែល ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍ លើកទី១០០ នៃការប្រសូត្ររបស់ព្រះបរមរតនកោតដ្ឋ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ៕