(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
អង្គប្រជុំបានអនុម័តតាមរបៀបវារៈ ដែលជាលទ្ធផលអង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ដូចខាង ក្រោម៖
១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។
២៖ របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៧ និងលើកទី៨ នីតិកាលទី៦។
៣៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប គឺលោក ហេង ប៊ុនថាន់ តំណាងរាស្រ្តថ្មីមណ្ឌលខេត្តរតនគិរី ជំនួស លោក ប៊ូ ឡាំ ដែលបានទទួលមរណភាព និង លោក នុត ជា តំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស លោក ជៀប ស៊ីវន ដែលបានទទួលមរណភាព។
៤៖ ការបោះឆ្នោតជ្រើសតាំង លោក ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា និង លោកស្រី ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
សូមជម្រាបថាកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធនេះ ក៏បានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ចំនួន៣រូបផងដែរ មាន លោក ពេជ្រ ជីវ័ន លោក សៀង ស៊ុតថង និងលោក ស៊ូ ភិរិន្ទ៕