(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានទម្លាយរឿងរ៉ាវដែលកើតឡើងក្នុងអំឡុងឆ្នាំ២០០៦-២០០៧ ដែលពេលនោះមានអ្នកធ្វើសំណើជូនសម្តេច សុំបើកស្ថានតំណាងបេសកកម្មតៃវ៉ាន់ប្រចាំកម្ពុជា ដើម្បីដោះស្រាយ និងធានាភាពស្របច្បាប់ របស់ស្ត្រីខ្មែរប្រមាណជា៥ពាន់នាក់ ដែលរៀបការទៅតៃវ៉ាន់។
ប៉ុន្តែសំណើនៅពេលនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអ្នកដែលរៀបចំឯកសារយកទៅដុតបំផ្លាញចោល ព្រោះជាសំណើមានចរិតបំផ្លាញ នូវគោលនយោបាយចិនតែមួយរបស់កម្ពុជា។
សម្តេចសង្កត់ធ្ងន់ថា មិនអាចយកលេសការជួញដូរមនុស្ស ឬការរៀបការទៅរស់នៅតៃវ៉ាន់មកបង្ខំឲ្យកម្ពុជា អនុវត្តន៍នូវនយោបាយចិនពីរបានទេ ហើយកម្ពុជាទទួលយកស្ថានទំនាក់ទំនងការទូត តែជាមួយសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាទទួលយកត្រឹមតែអ្នកវិនិយោគតៃវ៉ាន់តែប៉ុណ្ណោះ មិនទទួលយកនូវការដាក់ស្ថានតំណាងតៃវ៉ាន់ណាមួយ នៅកម្ពុជានោះទេ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មានពេលមួយ ខ្ញុំព្រះករុណាខ្ញុំ នៅចាំនៅប្រមាណជាឆ្នាំ២០០៦ ឬ២០០៧ គឺពេលនោះមានសំណើដើម្បីសុំឲ្យ ខ្ញុំព្រះករុណាខ្ញុំ បើកនូវស្ថានបេសកកម្មរបស់តៃវ៉ាន់ ប្រចាំនៅកម្ពុជា ដើម្បីដោះស្រាយស្ត្រីប្រមាណជា៥ពាន់នាក់ ដែលត្រូវរៀបការទៅតៃវ៉ាន់ អ្នកដែលបានយកឯកសារដើម្បីស្នើឲ្យខ្ញុំ ខ្ញុំប្រាប់ឲ្យយកឯកសារទៅដុតចោល មិនអាចយកបញ្ហាការជួញដូរមនុស្ស ការរៀបការដោយស្ម័គ្រចិត្តក្តី ឬដោយបង្ខំក្តី យកមកបង្ខំឲ្យកម្ពុជា អនុវត្តន៍នូវនយោបាយចិនពីរបានទេ កម្ពុជាទទួលដាក់នូវស្ថានទំនាក់ទំនងការទូត តែជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «អ្នកកុំយកបញ្ហារឿងស្ត្រីប៉ុន្មានពាន់នាក់ យកមកបង្ខំឲ្យខ្ញុំទទួលដាក់ស្ថានបេសកកម្ម ដើម្បីថាមកបញ្ជាក់ចេញពីការិយាល័យរបស់គេ នៅទីក្រុងភ្នំពេញ ដើម្បីបង្កើតភាពស្របច្បាប់រស់នៅឯតៃវ៉ាន់។ តើជាចេតនារបស់គេ ដើម្បីធ្វើរឿងនេះ ម្ខាងការជួញដូរមនុស្ស តែម្យ៉ាងទៀតយកការជួញដូរមនុស្សមកសង្កត់ឲ្យយើង នូវនយោបាយដែលផ្ទុយទៅនឹងគោលការណ៍អធិបតេយ្យជាតិ ដែលយើងមិនឲ្យមានតំណាងតៃវ៉ាន់ណាមួយនៅកម្ពុជាទេ យើងទទួលត្រឹមតែអ្នកវិនិយោគតៃវ៉ាន់តែប៉ុណ្ណោះ តែយើងមិនទទួលដាក់នូវស្ថានតំណាងតៃវ៉ាន់ណាមួយ នៅកម្ពុជាទេ»។
ពាក់ព័ន្ធនឹងគោលនយោបាយចិនតែមួយនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា គោលនយោបាយចិនតែមួយ ដែលបានអនុវត្តនៅកម្ពុជា មានតាំងពីជំនាន់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងទសវត្ស៥០-៦០ រហូតដល់រាជកាលសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
កម្ពុជាត្រូវបន្តថ្នាក់ថ្នមនូវចំណងមិត្តភាព ដែលបានកសាងដោយសម្តេចនរោត្តម សីហនុ មកដល់បច្ចុប្បន្ននេះ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានមកដល់ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយក៏ជាមិត្តដែកថែបថែមទៀត៕