(ភ្នំពេញ)៖ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា មានរៀបចំ «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» ឡើងវិញ។ វេទិកានេះធ្វើឡើងក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
គិតចាប់ពីឆ្នាំ២០១៧មក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន តែងតែបានសហការជាមួយអ្នកដឹកនាំសាសនាធំៗ ក្នុងប្រទេសកម្ពុជា រៀបចំកម្មវិធីវេទិកាជាតិអន្តរសាសនា ដើម្បីបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើសកលលោក ទទួលបានសេចក្តីសុខ ចៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាសម័យទំនើប។
សារៈសំខាន់ នៃកម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ ផ្ទុយទៅវិញ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។
កម្មវិធីវេទិកាជាតិអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។ នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ។ ក៏ប៉ុន្តែបានរៀបចំជាបទយកការណ៍ និងការផ្សព្វផ្សាយជាទម្រង់វីដេអូ ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតី ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាបើកកម្មវិធី យ៉ាងអធិកអធម និងផ្សព្វផ្សាយទូទាំងប្រទេស និងទៅលើពិភពលោក។
វេទិកាជាតិអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជា បាននឹងកំពុងបើកប្រតិបត្តិការយ៉ាងក្តៅគគុកបង្ក្រាបទីតាំជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ជាពិសេសនៅតាមបណ្តាទីតាំងលេងល្បែងស៊ីសង។
ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង បានជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងទម្រង់ថ្មីនេះយ៉ាងទូលំទូលាយ ដោយអនុញ្ញាតឱ្យជនរងគ្រោះដាក់បណ្តឹង ឬសេចក្តីរាយការណ៍ជាក់លាក់ពីជនរងគ្រោះ ទីតាំងបទល្មើស និងស្ថានភាពនៃបទល្មើស តាមបណ្តាញគេហទំព័រហ្វេសប៊ុក ផ្ទាល់របស់សម្តេចក្រឡាហោម និងតាមបណ្តាញដទៃទៀត របស់ក្រសួងមហាផ្ទៃ ដើម្បីបានធ្វើកិច្ចសហប្រតិបត្តិការបាន ឆាប់រហ័ស ទាន់ពេល ក្នុងគោលដៅស្វែងរក និងសង្គ្រោះជនរងគ្រោះ បង្ក្រាបបទល្មើសដែលលាក់បង្កប់ ក្នុងទីតាំងដែលគួរឲ្យសង្ស័យ និងនាំយកជនប្រព្រឹត្តបទល្មើស មកផ្តន្ទាទោសតាមច្បាប់ដោយឥតលើកលែង។
រយៈពេលចាប់ផ្តើមកិច្ចប្រតិបត្តិការ ក្នុងខែសីហា មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញបានជិត ៣០០ករណី និងសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុសស្ស ដែលបានទទួលរងនូវទណ្ឌកម្ម ការបិទសិទ្ធិសេរីភាព និងការកេងប្រវ័ញ្ចកម្លាំងពលកម្មរាប់រយនាក់ និងបានសង្គ្រោះមនុស្សចេញពីទីតាំងអាថ៌កំបាំងទាំងនោះជាច្រើននាក់បន្ថែមទៀត ព្រមទាំងមានវិធានការបិទទីតាំងប្រព្រឹត្តបទល្មើសជាច្រើនកន្លែង។
រយៈពេល១ឆ្នាំមកនេះ កម្ពុជាបានស្រាវជ្រាវអង្កេតបឋម បានចំនួន ១៧៨បណ្តឹង ក្នុងចំណោមជាង៣០០បណ្តឹង ក្នុងនោះបានរកឃើញជនរងគ្រោះចំនួន ៣៦១នាក់ និងឃាត់ខ្លួន ជនល្មើសចំនួន៥៣នាក់។ សមត្ថកិច្ចបានបិទក្រុមហ៊ុន ១ទីតាំង និងផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវក្រុមហ៊ុន ៥ទីតាំងផងដែរ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
លទ្ធផលដែលទទួលបាននេះ គឺជាការបង្ហាញឱ្យច្បាស់ពីស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម៕