(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្ម បើកកិច្ចប្រជុំពិភាក្សាជាមួយ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រួមទាំងអគ្គនាយករង មន្ត្រីពន្ធដារជាច្រើនរូបទៀត នៅសណ្ឋាគារកាំបូឌីយ៉ាណា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា អង្គជំនួបនេះមានគោលដៅប្រកាសផ្សព្វផ្សាយដាក់ ឲ្យដំណើរការជាផ្លូវការ លើប្រកាសលេខ២៩៤ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី «ការបង្កើត និងដាក់ឲ្យដំណើរការយន្តការភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន» រួមជាមួយគ្នានោះដែរ លោក គង់ វិបុល ក៏បានប្រកាសណែនាំ សមាសភាពដឹកនាំរវាងអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន ក្នុងនោះរួមទាំងធ្វើការណែនាំឲ្យ សមាសភាពនៃក្រុមការងារជំនាញទាំង០៤ សម្តែងការគួរសមរវាងគ្នា ដើម្បីអនុញ្ញាតឲ្យក្រុមការងារជំនាញទាំង០៤ ចាប់ផ្តើមមានជំនួបពិភាក្សាគ្នាជាផ្លូវការ និងដោយទៀងទាត់ចាប់ពីពេលប្រកាសជាផ្លូវការនេះតទៅ។
មុននឹងឈានដល់ពិធីបិទអង្គជំនួបសម្តែងការគួរសម និងសំណេះសំណាល លោក គង់ វិបុល ក៏បានអនុញ្ញាតិឲ្យផ្នែកឯកជនលើកជាសំណើ និងសំណូមពរជាបឋមមួយចំនួន ហើយលោក ក៏បានផ្តល់ជាបំណកស្រាយដោយផ្អែកលើបទបញ្ញាតិ ស្តីពីពន្ធដារជាធរមានលើសំណើ និងសំណូមពរបឋមរបស់ផ្នែកឯកជន៕