(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់មន្ត្រីរដ្ឋបាលខណ្ឌក្រោមឱវាទទាំងអស់ ត្រូវខិតខំបន្តថែរក្សាអោយបានល្អ នូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំយ៉ាងលំបាក ដោយបានលះបង់ ទាំងកម្លាំងកាយចិត្ត កម្លាំងជីវិត ដើម្បីយកមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសឲ្យរស់នៅប្រកបដោយសុខុដុមរមនា ដល់សព្វថ្ងៃនេះ ស្របទៅនឹងពាក្យស្លោកមួយឃ្លារបស់ប្រមុខថ្នាក់ដឹកនាំ គឺ «អរគុណសន្តិភាព» ។
ការលើកឡើង ដើម្បីរំលឹកគុណដល់ពាក្យស្លោក ដ៏សែនមានអត្ថន័យមួយឃ្លា របស់លោកអភិបាលខណ្ឌខាងលើនេះ ថ្លែងឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការណ៍ ចៅសង្កាត់ព្រែកឯងថ្មី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានចូលរួមពីអស់លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីចំណុះជំនាញ នៃរដ្ឋបាលខណ្ឌ រួមទាំងបងប្អូនពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកឯង ជាច្រើនទៀតផងដែរ ។
ពិធីប្រកាសនោះ គឺលោក សម សុធារី ជាចៅសង្កាត់ព្រែកឯងថ្មី តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយជំនួសចៅសង្កាត់ចាស់ លោក នេត្រ សារ៉ែន ដែលបានដាក់ពាក្យឈប់សំរាកពីការងារ ដោយសារបញ្ហាសុខភាព ។
ថ្លែងក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បានណែនាំឲ្យពិនិត្យលើកិច្ចការងារស្នូលមួយចំនួន ដែលជាការងារចាំបាច់ ត្រូវបម្រើកុំបីខានដល់ពលរដ្ឋ។ ក្នុងនោះរួមមាន៖
ទី១៖ ត្រូវដោះស្រាយបញ្ហាទឹកលិច នៅតាមចិញ្ចើមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ដោយរកវិធីដោះស្រាយអោយអស់ពីលទ្ធភាព
ទី២៖ ត្រូវដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង នៅតំបន់ដែលមានការជន់លិច និងតំបន់ផ្សេងទៀត ដែលទទួលរងនូវការជនលិចដោយជំនន់ទឹកភ្លៀង
ទី៣៖ ដាក់ចេញនូវផែនការណ៍យុទ្ធសាស្ត្រ ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ
ទី៤៖ ត្រូវខិតខំលុបបំបាត់គ្រឿងញៀន មុខសញ្ញាចោរលួច ចោរឆក់ និងក្មេងទំនើង ដោយដាក់វេនគ្នាប្រចាំការ និងចុះល្បាត ក្នុងមូលដ្ឋានជាប្រចាំ
ទី៥៖ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នាៗ តាំងពីដូសមូលដ្ឋាន និងដូសជំរុញ
ទី៦៖ ត្រូវខិតខំផ្សព្វផ្សាយអោយបានទូលំទូលាយ ក្នុងការផ្តល់សេវាមូលដ្ឋានជូនប្រជាពលរដ្ឋ ដូចជាសៀវភៅស្នាក់នៅ
ទី៧៖ សៀវភៅគ្រួសារ, ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវាលើឯកសារអត្រានុកូលដ្ឋាន និងត្រូវខិតខំពង្រឹងការងារសន្តិសុខ នៅក្នុងមូលដ្ឋានឲ្យបានប្រសើឡើងថែមទៀត តាមរយៈការរួមគ្នាអនុវត្តគោលនយោបាយ (ភូមិ-សង្កាត់ មានសុវត្ថិភាព) ឲ្យមានប្រសិទ្ធភាព ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានក្រើនរំលឹកបំផុត ក្នុងការណែនាំអោយមន្ត្រីក្រោមឱវាទទាំងអស់ មិនថា តែរដ្ឋបាលសង្កាត់ព្រែកឯងឡើយ គឺត្រូវខិតខំអោយបានខ្ពស់ ប្រកបដោយស្មារតី និងឆន្ទះស្នេហាជាតិមាតុភូមិ ក្នុងការការពារ ក៏ដូចជាថែរក្សា នូវសន្តិភាព ដែលប្រមុខថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុនសែន ដែលបានលះបង់កម្លាំងកាយចិត្ត និងមិនសោកស្តាយ សូម្បីជីវិត ក្នុងការធ្វើឲ្យសន្តិភាពទូទាំងប្រទេស ប្រជាពលរដ្ឋរស់បានសុខសាន្តដូចសព្វថ្ងៃនេះ ៕