(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺ នឹងអាចមានជំនន់ទឹកភ្លៀង ហើយបង្កឲ្យមានផលប៉ះពាល់ ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
នេះបើតាមប្រសាសន៍របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងពេលចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះចំនួន ៧៥គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំយាយម៉ៅពេជ្រនិល និងឃុំក្រាំងដីវ៉ាយ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
លោក វ៉ី សំណាង បានថ្លែងថា ខេត្តកំពង់ស្ពឺ នឹងអាចមានភ្លៀងពីបង្គួរទៅច្រើននាពេលខាងមុខ ដែលអាចបង្កឲ្យកើតមានជាជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋាន ការរស់នៅ ស្រែចំការ សត្វចញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមតំបន់ប្រឈមខ្លាំង។
លោកថា ករណីនេះ គឺដោយសារប្រទេសកម្ពុជា នឹងរងឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (Noru) ដែលវិវត្តន៍ទៅជាព្យុះទីហ្វុង នៅពេលបក់ចូលមកកៀក និងឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាម ហើយព្យុះនេះ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន រួមផ្សំជាមួយនិងបរិមាណទឹកភ្លៀង ដែលហូរមកពីតំបន់ខាងលើបន្ថែមទៀត បង្កជាទៅជំនន់ទឹកភ្លៀង ។
អភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកថា ដើម្បីធានាដល់សុវត្ថិភាពនិងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ពេលវេលា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលរស់នៅតំបន់ ងាយរងគ្រោះមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ បង្កឡើងដោយទឹកជំនន់នេះ។
លោកថា អ្វីដែលកាន់តែពិសេសជាងនេះ គឺត្រូវត្រៀមលក្ខណៈឲ្យស្រេច ក្នុងការជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្នុងពេលដែលជំនន់មកដល់៕