(កំពង់ធំ)៖ ក្រោយពីការធ្លាក់ភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះបង្កឲ្យមានការជន់លិចនូវទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរដោយមានការព្រួយបារម្ភពីការខូចខាតផលដំណាំរបស់ប្រជាកសិករ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការីចុះមើលផលដំណាំស្រូវរបស់ប្រជាកសិករ នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បង្កឲ្យលិចប្រឈមនិងការខូចខាត។
លោកអភិបាលស្រុកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវបណ្តែតបណ្តោយឲ្យស្រូវរបស់ប្រជាកសិករខូចខាតដោយពំមានការជួយសង្គ្រោះ ឬអន្តរាគមន៍ឡើយ ត្រូវចុះមើលជាក់ស្តែងហើយធ្វើការរាយការណ៍មកថ្នាក់ស្រុកជួយករណីមិនអាចមានសមត្ថភាពក្នុងការសង្គ្រោះ។
លោកក៏បន្ថែមទៀតថា អាជ្ញាធរត្រូវចេះតាមដានពីប្រកាសព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីដឹងពីការធ្លាក់ភ្លៀង ឬទឹកជំនន់ ហើយធ្វើការផ្សព្វផ្សាយដល់ពួកគាត់ ជៀសវាងពួកគាត់ធ្វើហើយខាតបង់ ទាំងពូជស្រូវ ជីជាដើម។
សូមបញ្ជាក់ថា ស្រូវដែលប្រឈមនិងការខូចខាតមានចំនួន៣០ហិកតាហើយពួកគាត់ និងអាជ្ញាធរកំពុងធ្វើការអន្តរាគមន៍សង្គ្រោះ៕