(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា តាមរយៈការប្រឡងប្រណាំង «ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព» ក្នុងក្របខណ្ឌសម្បត្តិទី៦ គឺនឹងបានចូលរួមជួយលើកស្ទួយឱ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព គ្មានសំរាម ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព មានភាពថ្លៃថ្នូរ ស៊ីវិល័យ ផ្អែកតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន។
ថ្លែងក្នុងកិច្ចប្រជុំ អញ្ជើញជាអធិបតីភាពក្នុងការដឹកនាំកិច្ច ប្រជុំអន្តរក្រសួងស្តីពី «ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្តិភាព» ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក សាយ សំអាល់ បានឱ្យដឹងថា៖ «តាមរយៈការអនុវត្តគោលនយោបាយ៖ ការប្រឡងប្រណាំង «ភូមិ ឃុំសង្កាត់មានសុវត្តិភាព» នឹងធ្វើឱ្យទីប្រជុំជន លំនៅដ្ឋាន ទីផ្សារ និងក៏ដូចជាតំបន់ទេសចរណ៍ប្រកបដោយអនាម័យ ដែលជាទីទាក់ទាញវិស័យទេសចរណ៍»។
លោករដ្ឋមន្រ្តី បានឱ្យដឹងថា កន្លងមកក្រសួងរៀបចំយន្តការគ្រប់គ្រងសំណល់រឹងសម្រាប និងផ្ទេរមុខងារ ទៅដល់រដ្ឋបាល ស្រុក ក្រុង សំដៅកាត់បន្ថយសំណល់រឹង។ ដើម្បីទ្រាំទ្រនៅយន្តការនេះក្រសួងបានផ្តល់បច្ចេកទេសក្នុងការបង្កើតទីលានចាក់សំរាម ឡាន និងផ្តល់ជាឡដុតសំរាមទៅដល់បណ្តាស្រុកមួយចំនួន។ជាមួយគ្នានេះដែរតាមរយៈការអប់រំផ្សព្វផ្សាយបានធ្វើឱ្យពលរដ្ឋយល់ដឹង និងចូលរួមថែរក្សាអនាម័យបរិស្ថានកាន់តែប្រសើរឡើងជាបន្តបន្ទាប់។
ក្នុងកិច្ចប្រជុំនេះដែរដើម្បីបង្កើនប្រសិទ្ធភាព និងការអនុវត្តចលនាប្រណាំងគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្តិភាព ក្នុងក្របខណ្ឌលក្ខណៈទី៦» នេះ លោក សាយ សំអាល់ បានណែនាំក៏ដូចជាផ្តល់អនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ឋក្នុងការបែងចែកតួនាទីភារកិច្ចការងារ និងក៏ដូចជាជំរុញឱ្យមានការផ្សព្វផ្សាយអប់រំដល់ អាជ្ញាធរ និងពលរដ្ឋដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។
បើតាមលោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានបង្ហាញពីលក្ខណៈវិនិច្ឆ័យ និងសូចនាករសម្រាប់វាយតម្លៃ ភូមិ ឃុំសង្កាត់មានសុវត្តិភាព ហើយនិងរួមទាំងនីតិវិធី និងដំណើរការជ្រើសរើសបេក្ខភាពជ័យលាភី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានជោគជ័យ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះមន្រ្តីដែលមកពីអន្តរក្រសួងនានា បានចូលរួមជជែកពិភាក្សាយ៉ាងផុលផុស ហើយដែលត្រូវបានលោករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់សម្រាប់ការយកមកអនុវត្តនៃគោលនយោបាយការប្រឡងប្រណាំង «ភូមិ ឃុំសង្កាត់មានសុវត្តិភាព ក្នុងក្របខណ្ឌលក្ខណៈទី៦» នេះ កានត់ែមានប្រសិទ្ធភាពបន្ថែមទៀតនៅថ្ងៃខាងមុខ៕