(កណ្ដាល)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដកស្រង់បទពិសោធន៍ លើការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់កន្លងមក និងលើកទិសដៅអនុវត្តបន្តការបង្ក្រាបល្បែងស៊ីសង បទល្មើសគ្រឿងញៀន ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការសម្របសម្រួលទំនាស់ដីធ្លី ព្រមទាំងការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងស្រុកល្វាឯម។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ និងនាយប៉ុស្តិ៍នរគបាលទាំង១៥ ក្នុងស្រុកល្វាឯម។
នៅក្នុងកិច្ចប្រជុំ លោក នុត ពុធដារ៉ា បានធ្វើការណែនាំដល់អង្គប្រជុំ លើការងារសំខាន់ៗ ដែលត្រូវអនុវត្ត ដូចជា៖
* បន្តយកចិត្តទុកដាក់អនុវត្តអោយបានខ្ជាប់ខ្ជួន តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ចំពោះការបង្ក្រាបនូវរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ ហាងបញ្ចាំគ្មានច្បាប់អនុញ្ញាត ឬអនុវត្តខុសពីគោលការណ៍ច្បាប់។
សូមឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តតាមដានត្រួតពិនិត្យ បង្ក្រាប និងទប់ស្កាត់កុំអោយមាននៅក្នុងមូលដ្ឋានស្រុក។ ការលេងល្បែងស៊ីសង ហាងបញ្ចាំខុសច្បាប់ គឺជាប្រភពមួយដែលនាំឲ្យកើតមានអំពើរចោរកម្ម លួចឆក់ប្លន់គ្រប់ប្រភេទ ដូច្នេះការបង្ក្រាបល្បែស៊ីសង និងហាងបញ្ចាំខុសច្បាប់ក៏ជាកត្តាកាត់បន្ថយបទល្មើសទាំងនេះផងដែរ។
មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំមានការពាក់ព័ន្ធ ឬអន្តរាគមន៍លើបទល្បើសទាំងនេះ ដែលវាជាអំពើផ្ទុយនឹងច្បាប់ ហើយត្រូវចូលរួមសហការរាយការណ៍ដើម្បីឈានទៅបង្ក្រាបឲ្យបានទាំងស្រុងក្នុងមូលដ្ឋាន។
* ការបង្ក្រាបការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសគ្រឿងញៀន ទោះក្នុងរូបភាពណាក៏ដោយ ត្រូវលប់បំបាត់ឲ្យបាន។ សូមរដ្ឋបាលស្រុក ធ្វើការសហការ តាមដាន និងស្រាវជ្រាវក្នុងមូលដ្ឋាន កុំអោយមានទីតាំងណាមួយមានបង្កប់ការជួញដូរមនុស្ស ឬអាជីវកម្មផ្លូវភេទ និងគ្រឿងញៀនជាដាច់ខាត។
* ចំពោះការដោះស្រាយទំនាស់ដីធ្លីនានានៅក្នុងស្រុក ឃើញថារដ្ឋបាលស្រុកកន្លងមកបានអនុវត្តបានល្អប្រសើរ ដោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះករណីដែលនៅសេសសល់ សូមបន្តយកចិត្តទុកដាក់ សម្របសម្រួលឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមរយៈនីតិវីធី និងបែបបទរបស់គណៈកម្មការសុរិយោដីថ្នាក់ស្រុក ចំពោះដីធ្លីដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ករណីដោះស្រាយមិនបានត្រូវបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តដោះស្រាយបន្ត។
* ការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅថ្នាក់ស្រុកមានការិយាល័យច្រកចេញចូលតែមួយស្រុក ហើយនៅថ្នាក់ឃុំ មានយន្តការច្រកចេញចូលតែមួយ ដែលមានតារាងតម្លៃសេវា និងរយៈពេល នៃការផ្តល់សេវាត្រឹមត្រូវតាមការកំណត់ជូនប្រជាពលរដ្ឋ សូមជំរុញការអនុវត្តយន្តការច្រកចេញចូលតែមួយឲ្យមានប្រសិទ្ធិភាព និងត្រូវផ្សព្វផ្សាយពីតារាងតម្លៃសេវា និងរយៈពេលផ្តល់សេវា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជ្រាប។
* ចំពោះការធ្វើឯកសារអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សូមលោកមេឃុំ ក្រុមប្រឹក្សាឃុំ ចុះធ្វើជូនប្រជាពលរដ្ឋឲ្យបានដល់ខ្នងផ្ទះ ដើម្បីជាការបង្ខិតសេវាឲ្យកាន់តែកៀកជិតជាមួយប្រជាពលរដ្ឋ និងធ្វើឲ្យពលរដ្ឋកាន់តែមានភាពរីករាយ គាំទ្រដល់ការដឹកនាំរបស់អជ្ញាធរមូលដ្ឋាន។
* ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សូមលោកអធិការ លោកនាយប៉ុស្តិ៍ បន្តជំរុញផ្តល់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស៕