(ស្ទឹងត្រែង)៖ ឈ្មួញឈើឈ្មោះ ភួ ម្នាក់ ត្រូវបានអ្នកស្រុកសេសាន លួចទម្លាយថា កំពុងប្រមូលទិញឈើ មកស្តុកតាមមាត់ទន្លេ និងផ្ទះប្រជាពលរដ្ឋ នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែមិនដែលឃើញជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋនៅឃុំស្រែគរ ទំនងបានដឹងរឿងច្បាស់ពីការរកស៊ីឈើខាងលើនេះ បានទូរស័ព្ទមកកាន់អង្គភាព Fresh News នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្នុងភូមិរបស់គាត់ មានឈ្មួញល្បីល្បាញម្នាក់ឈ្មោះ ភួ បានផ្តល់លុយឲ្យកម្មករ ចូលកាប់ អារ និងប្រមូលទិញឈើពីតំបន់ផ្សេងៗ មកគរទុកនៅមាត់ទន្លេ និងផ្ទះរបស់អ្នកភូមិ នៅតំបន់ខាងលើ រួចលក់បន្តឲ្យក្រុមឈ្មួញវៀតណាម ដឹកមកក្រុងបានលុង ខេត្តរតនគិរី មុនបន្តឆ្ពោះទៅប្រទេសវៀតណាម។ បើតាមសេចក្តីរាយការណ៍ ឈ្មួញឈើខាងលើនេះ ប្រើប្រាស់មធ្យោបាយដូចជា រថយន្តសាំយ៉ុង លុច្សស៊ីស បាឡែន ជាដើមឆ្លងកាត់សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធជាច្រើនដំណាក់កាល ទំរាំដល់ក្រុងបានលុង។ ពេលទៅដល់ក្រុងបានលុង មានក្រុមឈ្មួញវៀតណាម ឈរទិញនៅទីនោះតែម្តង រួចជួលរថយន្តស៊េរីទំនើបៗ ដឹកឆ្ពោះទៅប្រទេសវៀតណាម ដោយសកម្មភាពដឹកជញ្ជូននោះប្រព្រឹត្តទៅភាគច្រើននៅពេលយប់។
ទាក់ទិនទៅនឹងឈ្មួញឈើឈ្មោះ ភួ ប្រមូលទិញឈើនៅតំបន់ខាងលើ រួចដឹកមកលក់ចែកចាយបន្តដល់ក្រុងបានលុង ហើយដឹកឆ្ពោះទៅវៀតណាមដោយគ្មានការទប់ស្កាត់ពី ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធនេះ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺពីសមត្ថកិច្ច និងមន្រ្តីជំនាញណាមួយនៅឡើយទេដោយសារតែគ្មានលេខទូរស័ព្ទ៕