(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាស់តឿនជារួមដល់មន្ត្រីមូលដ្ឋានឃុំ/សង្កាត់ឱ្យពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ ប្រសិនបើមានការយឺតយ៉ាវ ឬពន្យារពេលដោយប្រការណាមួយ ត្រូវពន្យល់ប្រាប់ប្រជាពលរដ្ឋពីមូលហេតុឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យពួកគាត់ទន្ទឹងរង់ចាំ ឬអាក់អន់ស្រពន់ចិត្ត។

ការណែនាំរបស់លោកអភិបាលខេត្តធ្វើឡើងក្នុងពេលដោះស្រាយបញ្ហាមួយជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ជុំវិញករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Um San ដែលបានលើកយោបល់ ឬ Comment លើទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ម្ចាស់គណនីហ្វេសប៊ុកនោះមានឈ្មោះពិតថា អ៊ុ ញ៉ាត មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ខ្លឹមសារសង្ខេបដែលបាន Comment លើហ្វេសបុករបស់សម្តេចក្រឡាហោម ស ខេង មានដូចខាងក្រោម៖

«សូមគោរពសម្ដេចក្រឡាហោមជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ខ្ញុំបាទធ្លាប់បានឮសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃស្ដីអំពីការមិនយកថ្លៃធ្វើសំបុត្រកំណើត សំបុត្រមរណភាព និងធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ ប៉ុន្តែជាក់ស្តែងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពេលនេះខ្ញុំបាទបានធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាងមួយខែហើយនៅតែធ្វើមិនហើយ តែបើអ្នកដែលឱ្យលុយចាប់ពី$១០០ឡើងទៅ ក្នុងរយៈពេល៣ថ្ងៃ គឺបានហើយ។ តើនេះគឺមកពីខ្ញុំបាទមិនមានលុយឱ្យពួកគាត់ឬ? សូមសម្តេចមេត្តាជ្រាប។ ខ្ញុំបាទសូមអភ័យទោសចំពោះសម្តេច សូមអរគុណសម្តេច»។

លោក អ៊ុ ញ៉ាត បានទទួលស្គាល់ការ Comment របស់ខ្លួនចូលក្នុងហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង គឺដោយសារលោកមានការអន់ចិត្តចំពោះការស្នើសុំធ្វើសំបុត្រអាពាហ៍ពិពាហ៍មានភាពយឺតយ៉ាវ។ Comment នេះ ក្នុងន័យស្ថាបនាទេ ហើយលោកបានសូមអភ័យទោសថ្នាក់ដឹកនាំសង្កាត់ ក្រុង ខេត្ត។

លោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ បានបកស្រាយនៅចំពោះមុខលោកអភិបាលខេត្ត គួច ចំរើន យ៉ាងដូច្នេះថា ករណីផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅសាលាសង្កាត់លេខ១ គឺមន្ត្រីអនុវត្តតាមនីតិវិធី។ ចំពោះការយឺតយ៉ាវខ្លះ ដោយសារតែចំនួនឯកសារស្នើសុំគ្រប់ទម្រង់របស់ពលរដ្ឋមានច្រើន ដោយសារសង្កាត់លេខ១កំពុងប្រកាសជាតំបន់វិនិច្ឆ័យ ហើយចំនួនមន្ត្រីបំពេញការងារមានកំណត់។ ដោយឡែកចំពោះការលើកឡើងថា អ្នកឱ្យប្រាក់ធ្វើបានលឿន គឺពុំមានករណីនេះទេ។

ចៅសង្កាត់លេខ១បានបន្តថា កន្លងមក រដ្ឋបាលសង្កាត់លេខ១ក៏បានអញ្ជើញលោក អ៊ុ ញ៉ាត មកបញ្ជាក់ពីអ្វីដែលខ្លួនបានលើកឡើងក្នុងផេកសម្តេចក្រឡាហោម ស ខេង ក្នុងនោះលោក អ៊ុ ញ៉ាត បានបញ្ជាក់ថា លោកមានការអន់ចិត្តចំពោះការផ្តល់សេវាយឺតយ៉ាវ និងថាមិនមានមន្ត្រីសង្កាត់រូបណាតម្រូវឱ្យបង់ប្រាក់១០០ដុល្លារ ដើម្បីធ្វើបានលឿននោះទេ។

បច្ចុប្បន្នលោក អ៊ុ ញ៉ាត ទទួលបានសំបុត្រអាពាហ៍ពិពាហ៍នោះហើយ ក្នុងនោះលោកក៏បានធ្វើកិច្ចសន្យាទទួលស្គាល់នូវកំហុសពីការផ្តល់ព័ត៌មានមិនត្រឹមត្រូវនេះដែរ។

ក្រោយបានស្តាប់ការពន្យល់ និងការបកស្រាយរួចមក លោកអភិបាលខេត្ត គួច ចំរើន បានក្រើនរំលឹកជារួមដល់មន្ត្រីមូលដ្ឋានឃុំ/សង្កាត់ឱ្យខិតខំពន្លឿនក្នុងការផ្តល់សេវាជូនពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ និងត្រូវពិនិត្យមើលថាឯកសារណាដែលពលរដ្ឋត្រូវការចាំបាច់មិនអាចពន្យារពេលយូរបាន ត្រូវតែខិតខំដោះស្រាយតាមនីតិវិធីឱ្យបានលឿន។

លោក គួច ចំរើន បានបន្តណែនាំថា គ្រប់សេវាដែលខកខានមិនបានផ្តល់ជូនពលរដ្ឋភ្លាមៗ មន្ត្រីត្រូវប្រាប់ពន្យល់ពលរដ្ឋឱ្យបានជ្រាបពីមូលហេតុ និងត្រូវកំណត់រយៈពេលច្បាស់លាស់ ដើម្បីឱ្យពលរដ្ឋទៅទទួលយកមិនខកពេល។

លោកអភិបាលខេត្តបានលើកឡើងទៀតថា លោកមិនមានការហាមឃាត់លើសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្តែស្នើសុំលើកឡើងពីអ្វីដែលជាពិត។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានចាត់ក្រុមការងាររដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីចុះជួយការងារផ្តល់សេវាអត្រានុកូលដ្ឋានដែលកំពុងមានសំណើសុំច្រើននៅសង្កាត់លេខ១ឱ្យបានឆាប់រួចរាល់។

លោកអភិបាលខេត្តបានបន្ថែមថា ចំពោះឃុំ/សង្កាត់ណាដែលមានការប្រកាសជាតំបន់វិនិច្ឆ័យគឺត្រូវបន្ថែមសម្ភារៈ និងមន្ត្រីដើម្បីជួយបំពេញការងារបានលឿន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានដាក់ឱ្យដំណើរការយន្តការសេវាច្រកចេញចូលតែមួយនៅតាមឃុំ/សង្កាត់ទាំង២៩ ទូទាំងខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២កន្លងមក ដើម្បីដោះស្រាយការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព តម្លាភាព និងភាពជឿជាក់ កាត់បន្ថយពេលវេលា លុបបំបាត់អំពើពុករលួយ និងការងារអសកម្មនៅតាមមូលដ្ឋាន៕