(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី។
សារលិខិតរំលែកទុក្ខរបស់សម្តេចពិជ័យសេនា ទៀ បាញ់ មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាឧបាសិកា ទន់ ធី ត្រូវជាម្តាយក្មេករបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់មហាឧបាសិកា ទន់ ធី គឺជាការបាត់បង់នូវម្ដាយ ជីដូនជីទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់។ ទោះបីរូបកាយរបស់មហាឧបាសិកា ទន់ ធី បានបាត់បង់ក៏ពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយសសេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាឡើយ»៕