(ស្វាយរៀង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នា រវាងម៉ូតូ និងម៉ូតូរ៉ឺម៉ក រថយន្ត២គ្រឿង បង្កការភ្ញាក់ផ្អើលដល់ដល់អ្នកធ្វើដំណើរ ចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ទាំងព្រឹក ដែលហេតុការណ៍នេះ បានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥៖១៩នាទីទាបភ្លឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១គីឡូម៉ែត្រ ១៣៣-១៣៤ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
នគរបាលក្រុងបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះ ស្រី សំភក្ដី អាយុ២០ឆ្នាំ មុខរបរសន្តិសុខរស់នៅភូមិបែកចាន ឃុំអង្គប្រស្រែ ស្រុករមាសហែក បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1S-8033 ដោយធ្វើដំណើរពីលិចទៅកើត ប្រើប្រាស់ល្បឿនលឿន ខ្វះប្រុងប្រយត្ន័បុក ម៉ូតូរឺម៉កមិនស្គាល់ម៉ាកទិសដៅស្របគ្នាពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសឈ្មោះស្រី សំភក្ដី ស្លាប់នឹងកន្លែង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្រាប់តែមានមាន រថយន្ដម៉ាកលុចស៊ីស ពណ៌ស មិនស្គាល់ស្លាកលេខ ដោយធ្វើដំណើរពីលិចទៅកើត ក៏បុកជាមួយរថយន្ដម៉ាក SCANIA ពណ៌ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ០១.៣.០៤៣៩ សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ខេមរភូមិន្ទ.០១.៤.០៤៣៩ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណធ្វើដំណើរ ពីកើតទៅលិច ហើយក៏បានបុកបន្តជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-4553 បើកបរដោយឈ្មោះ វឿន គន្ធី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត យ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ផងដែរ។
ក្រោយពីកើតហេតុសមត្ថកិច្ច បានធ្វើការវាស់វែង និងអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។ ចំណែកអ្នករបួសធ្ងន់ត្រូវបានដឹកសម្រាក ព្យាបាលនៅ មន្ទីរពេទ្យខេត្តស្វាយរៀង រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែអ្នកបើកបរម៉ូតូម៉ាក្ស ហុងដាសេ ១២៥ ពាក់ស្លាកលេខ ស្វាយរៀង 1S-8033 ប្រើប្រាស់ល្បឿនលឿន បុកម៉ូតូរុឺម៉កពីក្រោយ៕