(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនមនុស្សចំនួន៩នាក់ ដែលជាអ្នករកស៉ីបញ្ចាំម៉ូតូដោយខុសច្បាប់ នៅឃ្លាំងរំសេវ ខណ្ឌទួលគោក ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះនៅពេលក្រោយ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះថា មនុស្សទាំង៩នាក់ ត្រូវបានតំណាងអយ្យការ បានបើកការស៊ើបសួរ និងបានសម្រេចចោទប្រកាន់ ពីបទ «ទទួលផលចោរកម្ម» និងបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយ នៅថ្ងៃទី២៧ ខែកញ្ញាម្សិលមិញ។
សូមបញ្ជាក់ថា ជនសង្ស័យចំនួន៩នាក់ រួមមាន៖
*ទី១៖ ឈ្មោះ លី វ៉ានឆៃ អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស
*ទី២៖ ឈ្មោះ ធន់ ធី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកហាងបញ្ចាំ
*ទី៣៖ ឈ្មោះ ស៊ុន ហាច អាយុ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ
*ទី៤៖ ឈ្មោះ ស៊ឹម សុខា អាយុ២២ឆ្នាំ មុខរបរបុគ្គលិក
*ទី៥៖ ឈ្មោះ ប៉េង ឡេង អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក
*ទី៦៖ ឈ្មោះ រឿង សុវណ្ណរ៉េត អាយុ២២ឆ្នាំ មុខរបរអ្នកយាមឃ្លាំង
*ទី៧៖ ឈ្មោះ ប៊ុន សុខលីម ភេទស្រី អាយុ៤២ឆ្នាំ
*ទី៨៖ ឈ្មោះ និត នឿន អាយុ៤១ឆ្នាំ មុខរបរបុគ្គលិក
*ទី៩៖ ឈ្មោះ មួង សុណា ហៅស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ។
ជនត្រូវចោទទាំង៩នាក់ មានស្រី មានប្រុសខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ក្រោមបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំចុះដល់ទីតាំងផ្ទាល់ដោយ លោក ឃ្លាំង ហួត អភិបាលរង បានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចម្តុំឃ្លាំងរំសេវ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ហើយប្រមូលបានម៉ូតូជាង១,០០០គ្រឿង យកទៅទុកនៅឃ្លាំង OCIC ជ្រោយចង្វា និងបានកសាងសំណុំរឿងទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕