(តូក្យូ)៖ ភាគីកម្ពុជាបានអញ្ជើញភាគីហ្សាម៉ាអ៉ិក (Jamaica) ចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាចុងឆ្នាំ២០២២នេះ ដើម្បីមានឱកាសពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសទាំងពីរ។

ការអញ្ជើញនេះធ្វើឡើងនាជំនួបទ្វេភាគីរវាងលោក ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Edmund Bartlett រដ្ឋមន្ត្រីទេសចរណ៍ហ្សាម៉ាអ៉ិក ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងឱកាសតាំងពិព័រណ៍កម្ពុជានាទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាសនោះ លោក ថុក សុខុម បានអញ្ជើញរដ្ឋមន្ត្រីទេសចរណ៍ហ្សាម៉ាអ៉ិកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអាចរៀបចំឱ្យមានជំនួបទ្វេភាគីរវាងលោករដ្ឋមន្ត្រី ថោង ខុន និងលោករដ្ឋមន្ត្រី Edmund Bartlett ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសពីរ។

លោក ថុក សុខុម បានចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់កម្ពុជា សំដៅដល់ការបើកទេសចរអន្តរជាតិឡើងវិញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដែលកម្ពុជាទទួលកំណើនទេសចរអន្តរជាតិយ៉ាងគំហុកជិត១លាននាក់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ការរៀបចំនិងការអនុវត្តក្របខណ្ឌប្រតិបត្តិការពិធីសារ និងយន្តការសាកល តំបន់ និងអនុតំបន់ រួមមាន៖ អាស៊ាន អនុមហាតំបន់ទន្លេមេគង្គ អេកម៉ក CLMV ឬ CLV។

លោក Edmund Bartlett បានជម្រាបជូនថា ប្រទេសហ្សាម៉ាអ៉ិកទទួលបានទេសចរអន្តរជាតិច្រើនជាង២.៥លាននាក់មុនវិបត្តិកូវីដ-១៩ ដែលទេសចរណ៍ពឹងផ្អែកតែតំបន់ឆ្នេរដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរតាមនាវា។ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ទេសចរណ៍ហ្សាម៉ាអ៉ិកបានធ្លាក់ចុះយ៉ាងគំហុកដែលធ្លាប់ជួបកន្លងមក។

លោកបានបន្តទៀតថា ដើម្បីស្រាយបញ្ហានេះមានតែពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបណ្តុះធនធានមនុស្ស។

លោក Edmund Bartlett ក៏បានស្នើឱ្យកម្ពុជារៀបចំបង្កើតមជ្ឈមណ្ឌលទេសចរណ៍ប្រកបដោយភាពធន់នៅក្នុងកម្ពុជា ដើម្បីជួយចែករំលែកបទពិសោធន៍ល្អៗដល់ប្រទេសជាមិត្ត។

លោក ថុក សុខុម បានលើកឡើងថា រាល់សំណើទាំងនេះលោកនឹងដាក់ស្នើសុំការអនុញ្ញាតពីលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា៕