(អូស្ត្រាលី)៖ កងទ័ពជើងទឹក សហការជាមួយឆ្មំាការពារដែនសមុទ្របានចេញប្រតិបត្តិការតាមចាប់ ត្រីឆ្លាម ដែលអាចមានប្រវែង ៦ម៉ែត្រ បន្ទាប់ពីត្រីយក្សនេះបានខាំស្ត្រីម្នាក់ ដែលបានហែលទឹកលេង នៅតំបន់ឆ្នេរភាគខាងលិចប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១៦។
ស្ត្រីដែលត្រូវបានត្រីឆ្លាមយក្សវាយប្រហារខាងលើនេះមានវ័យ ៦០ឆ្នាំ ដោយរូបគាត់បានលោតចុះពី នាវាកម្សាន្តរួចហែលទឹកលេងនៅក្នុងទឹកសមុទ្រ ដែលមានចម្ងាយជាងមួយគីឡូម៉ែត្រពីឆ្នេរទីក្រុង Perth កាលពីថ្ងៃអាទិត្យ។ សាក្សីនៅលើកាណូត បានអះអាងថាត្រីឆ្លាមនោះ មានទំហំខ្លួនធំនិងវែងជាងទូក របស់ខ្លួនដែលមានប្រវែង ៥,៣ម៉ែត្រនោះទៅទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះក៏មានករណីបុរសម្នាក់ត្រូវបានត្រីឆ្លាម ខាំដាច់ជើងម្ខាង នៅតំបន់ខាងលើនេះដែរ។ ដោយហេតុនេះទើបអាជ្ញាធរអូស្ត្រាលី មិនអាចបង្អង់ទុកយូរ និងបានចេញ ប្រតិបត្តិការបង្ក្រាបជាបន្ទាន់ ដើម្បីចាប់ខ្លួនត្រីនោះឲ្យបាន ដែលគេជឿជាក់ថាវាជាប្រភេទត្រីឆ្លាមពណ៌ស ដែលតែងតែបង្កការភ័យខ្លាចសម្រាប់មនុស្សរាប់រយឆ្នាំមកហើយ៕