(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី។
សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា ទើបទទួលដំណឹងដ៏ក្រៀមក្រំ អំពីការទទួលមរណភាព របស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេករបស់ឯកឧត្តម នាវេលាម៉ោង០០៖១៨នាទី យប់រំលងអធ្រាត ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ម្តាយ ជីដូន ជាទីគោរពស្រឡាញ់បំផុត ប្រកបទៅដោយ ព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់។ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានចូលរួមចំណែកគាំពារជ្រោមជ្រែងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យរីកចម្រើនជារៀងរហូតមកដល់បច្ចុប្បន្ន។
ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាឡើយ»៕