(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋជាមួយថ្នាក់ដឹកនាំ ធ្វើឲ្យប្រជាពលរដ្ឋពេញចិត្ត និងទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ចំនួន៧ខ្នង ៥៦បន្ទប់ និងសមិទ្ធផលនានាស្ថិតក្នុងឃុំពានរោង ឃុំដំរីពួន ឃុំស្វាយអន្ទរ និងឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនោះថា ជាការសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋបានគាំទ្រ និងពេញចិត្តចំពោះបេក្ខជនដែលគណបក្សរៀបចំផង និងគាំទ្រហើយមានទំនុកចិត្តមកលើថ្នាក់ដឹកនាំគណបក្សផង។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំគណបក្ស សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សទាំងអស់ ដែលបានបោះឆ្នោតគាំទ្រផ្ដល់ជំនឿចិត្តលើបេក្ខជន បេក្ខនារី ដែលគណបក្សបានរៀបចំឲ្យឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ហើយទទួលបានលទ្ធផលជោគជ័យ។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានរំលឹកដោយក្ដីរីករាយនៅពេលសម្ដេចទទួលបានការស្នើសុំ ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងខេត្តព្រៃវែង ពីសំណាក់សប្បុរសជន ទាំងជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ និងសប្បុរសជនពីវិស័យឯកជន ក្នុងនោះសម្ដេចក៏បានគូសបញ្ជាក់អំពីការកសាងសាលាមត្តេយ្យសិក្សាដែលមានសារៈសំខាន់សម្រាប់កុមារតូច ដែលជាកូនចៅរបស់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមបានបន្តថា ការកសាងសាលារៀន និងការដំណើរការបង្រៀននៅសាលាមត្តេយ្យឲ្យបានល្អ គឺជាគន្លងអប់រំមួយនៅក្នុងសង្គមស៊ីវិល័យ ព្រោះថ្នាក់មត្តេយ្យសិក្សានេះ ជាថ្នាក់ដែលបណ្ដុះបណ្ដាលកុមារតូចៗ ឲ្យមានលក្ខណៈសម្បត្តិល្អៗ សម្រាប់ការបន្តសិក្សាជាបន្តបន្ទាប់ និងក៏ពាក់ព័ន្ធនឹងដំណើរជីវិតពួកគេនាពេលអនាគតផងដែរ ក្នុងនោះរួមទាំងការបណ្ដុះភាពក្លាហានឲ្យកុមារ ធ្វើឲ្យកុមារចេះឆ្ងល់ ចេះសួរ ចេះចង់ដឹង ដែលជាកត្តារួមចំណែកធ្វើឲ្យកុមារឆ្លាត។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ រួមទាំងក្រុមការងារដែលមាន នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ដែលបានចូលរួមគាំទ្រជាបន្តបន្ទាប់ និងជាច្រើនដល់ការកសាងហេដ្ឋរចនាសម្ព័ន្ធ ពិសេសសាលារៀន ផ្លូវ វត្តអារាម និងសំណង់សាធារណៈផ្សេងៗទៀតដើម្បីទុកជូនប្រជាពលរដ្ឋប្រើប្រាស់។
ក្នុងនាមសប្បុរសជនទាំងអស់ សម្ដេចក្រឡាហោម បានប្រកាសផ្ទេរនូវសំណង់សមិទ្ធផលទាំងអស់នេះជូនប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ លោកគ្រូ អ្នកគ្រូ ដើម្បីធ្វើជាម្ចាស់គ្រប់គ្រងបន្ត ដោយសម្ដេចបន្ថែមថា «ព្រោះជាទ្រព្យសម្បត្តិសាធារណៈ ខ្ញុំខិតខំប្រមែលប្រមូលថវិកាពីសប្បុរសជននានាជួយសាងសង់ តែខ្ញុំមិនមានឱកាសមកជួយថែទាំគ្រប់ពេលទេ។ អ៊ីចឹងសូមចាត់ទុកជាទ្រព្យសម្បត្តិ ជាមាស ជាពេជ្ររបស់យើងទាំងអស់គ្នា»។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញក្ដីរីករាយដែរ នៅពេលបានឃើញប្រជាពលរដ្ឋអញ្ជើញធ្វើបុណ្យទាន និងដើរកម្សាន្ដយ៉ាងសប្បាយរីករាយ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ។ សម្ដេចក៏បានផ្ដល់ទស្សនាទានឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បន្តខិតខំរិះរកវិធីសាស្រ្តថ្មីៗ ដើម្បីបង្កើនការទាក់ទាញទេសចរណ៍ រួមទាំងការរៀបចំមូលដ្ឋានភូមិ ឃុំឲ្យមានភាពទាក់ទាញ ការរៀបចំម្ហូបអាហារឲ្យបានឆ្ងាញ់ ប្លែក និងអនាម័យជាដើម៕