(សៀមរាប)៖ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ ដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងក្នុងខេត្តសៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៤.៥៩២គ្រួសារ ស្ថិតនៅក្នុងភូមិចំនួន ២៩២ភូមិ របស់ឃុំចំនួន ៥៧ នៃស្រុកចំនួន៩ ក្មុងខេត្តសៀមរាប មានស្រុកស្រីស្នំ ស្រុកក្រឡាញ់ , ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ។

ក្នុងរបាយការណ៍ដដែលបានបន្តថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ស្រូវពង្រោះចំនួន ៣២.៤៦៥ហិកតា ស្មើនឹង ២៣.៥៧៨គ្រួសារ ប៉ះពាល់ដំឡូងមី ចំនួន ៤.៦២៦ហិកតា ស្មើនឹង ៣.៦២៦គ្រួសារ លិចបរិវេណផ្ទះកម្រិតស្រាលចំនួន ៦.២៣៦ខ្នង និងកម្រិតធ្ងន់ចំនួន ២៩ខ្នង។ ក្នុងនោះដែរ ផលប៉ះពាល់លំនៅឋានកម្រិតធ្ងន់ មានប្រជាពលរដ្ឋចំនួន ៤គ្រួសារ បានជម្លៀសដោយខ្លួនឯងទៅនៅជាមួយសាច់ញាតិ។

ជំនន់ទឹកភ្លៀងបានជន់លិចទីធ្លាសាលារៀនចំនួន ៧៤កន្លែង លិចបរិវេណមណ្ឌលសុខភាពចំនួន ០៦កន្លែង អាគាររដ្ឋបាលឃុំប៉ុស្តិ៍រដ្ឋបាល ១៨កន្លែង លិចបរិវេណវត្តចំនួន ១៦កន្លែង លិចក្នុងផ្សារចំនួន ០២កន្លែង លិចផ្លូវប្រវែងសរុប ១៥២.១១៥ម៉ែត្រ និងខូចខាតប្រវែង ៣.៨៧៥ម៉ែត្រ លិចខ្លំាងទំនប់ ខ្នងប្រឡាយ ប្រវែង ១៩.២២៧ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ លិចស្ពាន ០៣កន្លែង និងខូចខាតប្រវែង ១១ម៉ែត្រ ងាប់គោចំនួន ០១ក្បាល និងងាប់មាន់ ទា ចំនួន ៦៧៦ក្បាលផងដែរ។

ទន្ទឹមនឹងនោះដែរ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែកជូនគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀង សរុបចំនួន៩៩៦គ្រួសារ នៅបណ្តាស្រុកចំនួន៣ ស្រុកស្រីស្នំ ចំនួន៣៥៣គ្រួសារ ស្រុកអង្គរជុំ ចំនួន១៣២គ្រួសារ និងស្រុកក្រឡាញ់ ចំនួន ៥១១គ្រួសារ។

ជាមួយនេះ រដ្ឋបាលខេត្ត និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់ប្រជាពលរដ្ឋ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងចរន្តអគ្គិសនី កូនក្មេងតូចៗ ក្នុងអំឡុងពេលទឹកជំនន់ និងត្រូវរក្សាអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងពីជំងឺឆ្លងផ្សេងៗ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើងជាយថាហេតុ សូមរាយការណ៍ជូនអាជ្ញាធរ ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលាផងដែរ៕