(កណ្ដាល)៖ នគរបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានខិតខំប្រឹងប្រែងថែរក្សាសណ្តាប់ធ្នាប់របៀបរាបរយ សន្តិសុខ សុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ធ្វើបុណ្យទាន នារដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅទូទាំងវត្តអារាមនៅក្រុងតាខ្មៅ មានសន្តិសុខ សុវត្ថិភាពគឺមិនមានអ្វីគួឱ្យកត់សម្គាល់នោះឡើយ។
បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី២៨ ខែកញ្ញានេះថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, ការថែរក្សាសណ្តាប់ធ្នាប់របៀបរាបរយ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ធ្វើបុណ្យទាន នាឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រយៈពេល ១៥ថ្ងៃ គឺមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះឡើយ គឺដោយសារទាំងកម្លាំងចម្រុះរបស់លោក ក៏ដូចជា កម្លាំងតាមបណ្តាប៉ុស្តិ៍ សង្កាត់ ភូមិ តែងតែចុះល្បាតទាំងយប់ទាំងថ្ងៃ ជាប់ជាប្រចាំនៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ធ្វើយ៉ាងណាឱ្យតែប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ ធ្វើបុណ្យទានបានស្រួល។
ជាមួយគ្នានេះ លោកអធិការ ក៏បានលើកឡើងថា នៅទូទាំងក្រុងតាខ្មៅ នារដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មានសណ្តាប់ធ្នាប់របៀបរាបរយ សន្តិសុខ សុវត្ថិភាពបានល្អប្រសើរបែបនេះ ក៏ដោយសារបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ពុទ្ធបរិស័ទទាំងអស់ ចេះចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការជួយថែរក្សា ការពាររបស់ទ្រព្យរៀងៗខ្លួនតាមផ្ទះ និងតាមវត្តអារាមនានា ទើបមានសន្តិសុខល្អ៕