(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ បានបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿង ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនធំ កាំភ្លើងកែច្នៃចំនួន២ដើម រួមនឹងវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានសហការជាមួយជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត និងអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ក្រោមការបញ្ជាពីឧត្ដមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្ត នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ រី ស ភេទស្រី អាយុ៣៨ឆ្នាំ
ទី២៖ ឈ្មោះ ប៉ី ស្រីមុំ ភេទស្រី អាយុ៥០ឆ្នាំ
ទី៣៖ ឈ្មោះ តី គីន ភេទប្រុស អាយុ៦០ឆ្នាំ អ្នកទាំង៣មានទីលំនៅ ភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
និងទី៤៖ ឈ្មោះ ម៉ាត់ សពីរីន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលចាម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងប្រតិបត្តការបង្ក្រាបនេះកម្លាំងនគរបាល បានចាប់យកវត្ថុតាង និងសម្ភារ រួមមាន៖ ម្សៅក្រាមពណ៌ស (សង្ស័យជាគ្រឿងញៀន) ចំនួន ២៣កញ្ចប់ (ធំ០២កញ្ចប់, តូច២១កញ្ចប់), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង, ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន ១១ដើម, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន, កាំភ្លើងកែច្នៃ ចំនួន០២ដើម។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕