(ព្រះសីហនុ)៖ លោក ស៉ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ចុះត្រួតពិនិត្យ និងចុះណែប្រជាពលរដ្ឋឲ្យបញ្ឈប់សកម្មភាពកាត់របងបន្លាលួសតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដើរឆ្លងកាត់ និងដឹកសត្វពាហនៈឆ្លងកាត់។ មន្រ្តីជាន់ខ្ពស់រូបនេះ បានព្រមានថា បើសិននៅបន្តសកម្មភាព ទាំងនេះទៀតនោះ នឹងប្រឈមតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ។
ពេលចុះត្រួតពិនិត្យ និងជួបប្រជាពលរដ្ឋជាក់ស្តែង លោក ស៉ឹង សុគង់ បានអំពាវនាវប្រជាពលរដ្ឋត្រូវបញ្ឈប់សកម្មភាព ល្មើសច្បាប់នេះជាបន្ទាន់។
ជាមួយនឹងការចុះត្រួតពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋនេះ លោក ស៉ឹង សុគង់ ក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ។ បើតាមការបញ្ជាក់ពីមន្រ្តីជំនាញ ប្រជាពលរដ្ឋមួយចំនួន បានកាត់របងជាច្រកចេញចូលផ្ទះតាមផ្លូវល្បឿនលឿន ដើម្បីលែងសត្វគោក្របីចូលស៊ីស្មៅ ចូលច្រូតស្មៅ និងមានបំណងចេញចូលតំបន់ហាមឃាត់ដែលមានព័ទ្ធរបង ដើម្បីជួបជុំ ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។
នៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ក្រសួង និងក្រុមហ៊ុន បានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនពួកគាត់ និងបានធ្វើការណែនាំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឆក់យកអាយុជីវិត ពួកគាត់ផង និងអ្នកធ្វើដំណើរតាមផ្លូវផង។
សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាប្រពលរដ្ឋនាំគ្នាកាត់បន្លាលួសសងខាងផ្លូវល្បឿនលឿននេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់សុំស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានជួយអប់រំប្រជាពលរដ្ឋ ឱ្យបញ្ឈប់សកម្មភាពលួចកាត់របងលួសនៅសងខាងផ្លូវល្បឿនលឿន ដែលទុកសម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបសម្តេចក្រឡាហោម ស ខេង យ៉ាងដូច្នេះថា «នៅតាមផ្លូវល្បឿនលឿន មានរបង មានសំណាញ់ការពារផ្លូវ ប៉ុន្តែប្រជាពលរដ្ឋចាប់ផ្តើមកាត់ ដល់កាត់សំណាញ់នេះគាត់យកគោឆ្លងកាត់ អាចឱ្យគោឡើង [...] គាត់កាត់សំណាញ់នេះច្រើនកន្លែងណាស់»។
សូមបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ដោយកំណត់ឱ្យបើកបរក្នុងល្បឿនចាប់ពី ៦០គីឡូម៉ែត្រ ដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕