(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ឲ្យដឹងថា ភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត» ដែលជាភាពយន្តចម្រៀង បង្ហាញពីគំរូវិរភាពតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមជាសិល្បៈសម្រាប់កំសាន្តប៉ុណ្ណោះទេ តែជាប្រវត្តិជីវិតពិតរបស់ថ្នាក់ដឹកនាំកំពូល ដ៏ឆ្នើមរបស់យើង ប្រកបដោយគុណតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់កុលបុត្រកុលធីតាកម្ពុជាគ្រប់ៗរូប សិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍។
ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ គឺត្រូវបានធ្វើឡើងនាឱកាសដាក់សម្ពោធ ចាក់បញ្ចាំងផ្សព្វផ្សាយជាសាធារណៈនូវភាពយន្តចមៀងបទ «ជីវិតក្មេងវត្ត» នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលសន្និបាត ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីក្រសួងនានា, អ្នកឧកញ៉ា, លោកឧកញ៉ា, លោក, លោកស្រី ជាអ្នកឧបត្ថម្ភ, ផលិតករ, អ្នកដឹកនាំរឿង, សិល្បករ-សិល្បការិនី និងភ្ញៀវកិត្តិយសសរុបជាង២,០០០នាក់។
លោកស្រីរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់បន្តទៀតថា វីរៈភាពតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិមាតុភូមិ ត្រូវបានសម្តេចលាតត្រដាងជាបន្តបន្ទាប់ តាមរយៈការសរសេរ បោះពុម្ពជាសៀវភៅ ការតែងនិពន្ធជាបទចម្រៀង និងការផលិតជាភាពយន្តចម្រៀងកាយវិការ ដែលប្រជាជនកម្ពុជាស្ទើរគ្រប់រូបបានអាន ស្តាប់ និងទស្សនា ក៏ប៉ុន្តែវណ្ណកម្មភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត» ផលិតដោយសមាគមសិល្បករខ្មែរ ដែលនឹងចាក់បញ្ចាំងនាពេលនេះ នឹងបង្ហាញកាន់តែសុក្រឹត ពិស្តារ លម្អិតពីការតស៊ូ ជម្នះឧបសគ្គ និងការតាំងចិត្តដ៏មោះមុតក្នុងការចាកឆ្ងាយក្រុមគ្រួសារទាំងវ័យក្មេង ដើម្បីបន្តការសិក្សាស្វែងរកចំណេះវិជ្ជា ខណៈដែលនៅក្នុងភូមិកំណើតពុំមានសាលារៀននៅឡើយ។
លោកស្រីបានគូសរំលេចទៀតថា ទាំងអស់នេះ គឺបានបង្ហាញពីគុណតម្លៃ គំរូវីរៈភាព និងលក្ខណៈសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីវ័យកុមារភាព ក្នុងភាពជាអ្នកដឹកនាំ។ សកម្មភាពដែលបានឆ្លុះបញ្ចាំង តាមរយៈភាពយន្តចម្រៀងនេះ នឹងក្លាយជាពន្លឺបង្ហាញផ្លូវដល់អ្នកសិក្សាស្រាវជ្រាវជាតិ អន្តរជាតិពិសេសបានបង្កើតនូវមនសិការ និងគំរូវីរៈភាពសម្រាប់កូនខ្មែរជំនាន់ក្រោយ ប្រកបដោយគុណតម្លៃមិនអាចកាត់ថ្លៃបាន។
សូមបញ្ជាក់ថា ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» និពន្ធឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំការថតដោយ លោក ហ៊ុន ហេង ប្រគំតន្ត្រីដោយតន្រ្តីវិទ្យុជាតិកម្ពុជា ច្រៀងដោយ លោក យិន សារិន ហើយនៅពេលនេះ ច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា សម្រួលតន្រ្តីដោយលោក ប៊ូ វណ្ណមុនីរ័ក្ស និងលោក កែវ ម៉ារ៉ា ហើយដឹកនាំការថតឡើងវិញដោយលោក ហ្វៃ សំអាង។
តួអង្គសម្តែងក្នុងរឿងនេះ សុទ្ធសឹងជាសិល្បករ-សិល្បការិនីល្បីៗ ដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការសម្តែងបានគ្រប់រសជាតិជីវិត យំ សើច កើតទុក្ខ មុខជូរ...គឺអាចធ្វើបានទាំងអស់។ ក្នុងនោះមានដូចជា អ្នកគ្រូ ឌី សាវ៉េត, កញ្ញា ឌួង ហ្សូរីដា, លោក ឈឹម សក្កដា, លោក ប៉ាន់ ខែមម៉ានូ, ប្អូនប្រុស អោក ឧត្តម, កញ្ញា នីតា វរវង្ស, លោក ម៉េងប៊ុនឡូ, លោក ពៅ ពិសិដ្ឋ, អ្នកនាង លី ម៉ារីណា និងមានតួអង្គសំខាន់ៗជាច្រើនទៀត៕