(ភ្នំពេញ)៖ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានទទួលមរណភាព កាលពីនៅម៉ោង០០៖១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ។

ក្នុងសារលិខិតផ្ញើជូន ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកជំទាវ សោម គីមសួគ៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបមត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេករបស់ ឯកឧត្ដមឧបនាយករដ្ឋមន្តី បានទទួល មរណភាព នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០០:១៨នាទី ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

លោកជំទាវ សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃនិងមិនចេះរីងស្ងួត ក្នុងការអប់រំទូន្មានបុត្រធីតាទាំងអស់ប្រកបដោយការទទួល ខុសត្រូវខ្ពស់បំផុត និងរហូតក្លាយជាបញ្ញាវ័ន្តឆ្នើមរបស់ជាតិ។ ទោះបីរូបកាយរបស់ ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបមត្ថម្ភក៍ ទន់ ធី បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបមត្ថម្ភក៍ ទន់ ធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕