(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលបង្កមកពីឥទ្ធិពលព្យុះទីហ្វុង និងត្រូវរាយការណ៍ឱ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញានេះ ក៏បានបញ្ជាក់ថា យោងតាមការជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (Noru) នឹងបានវិវត្តន៍ទៅជាព្យុះទីហ្វុង Ty នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។
រដ្ឋបាលខេត្តបានឱ្យដឹងថា ស្ថានភាពបែបនេះ ធ្វើឱ្យខេត្តកំពង់ស្ពឺ ក៏ដូចជាខេត្តផ្សេងៗផងដែរនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន រួមផ្សំជាមួយនឹងបរិមាណទឹកភ្លៀងដែលហូរពីតំបន់ខាងលើបន្ថែមទៀត។
ពាក់ព័ន្ធនឹងស្ថានភាពនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ពេលវេលា សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជាយថាហេតុផ្សេងៗ សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា៕