(កំពង់ធំ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះពិនិត្យស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀងនៅស្រុកស្ទោង ខេត្តកំពង់ធំ។

ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ គឺមានទទួលរងផលប៉ះពាល់ ដូចខាងក្រោម៖

*ទី១៖ ភូមិដែលរងគ្រោះដោយទឹកជំនន់ចំនួន៥២ភូមិ លើ៨ឃុំ ស្មើនឹង៥៨៩២គ្រួសារ លិចក្រោមផ្ទះចំនួន៤៦២៦ខ្នងផ្ទះ
*ទី២៖ លិចដីកសិកម្មសរុបចំនួន៣,៦៧៨ហិកតា
*ទី៣៖ លិចផ្លូវ៣៧ខ្សែរ ក្នុងនោះមាន ផ្លូវជាតិ១,២០០ម៉ែត្រ, ផ្លូវកៅស៊ូឃុំ ១,១០០ម៉ែត្រ, ផ្លូវគ្រួសក្រហម ៣៣,៥១៨ម៉ែត្រ, ផ្លូវដីស៤,០៧៩ម៉ែត្រ
*ទី៤៖ លិចទីធ្លាវត្តអារាមចំនួន៧វត្ត
*ទី៥៖ លិចទីធ្លាសាលារៀនចំនួន១៧សាលា
*ទី៦៖ លិចទីធ្លាមណ្ឌលសុខភាព២មណ្ឌល។

ដោយឡែក ស្ថានភាពទឹកវិញ ស្រក១០សង់ទីម៉ែត្រ ហើយនៅដំណាក់កាលនេះ គឺមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនៅឡើយទេ ដោយហេតុថាទឹកទើបលិច តែគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក និងខេត្ត នៅបន្តតាមដានសភាពការណ៍ជាក់ស្តែង ជាពិសេសពាក់ព័ន្ធសភាពការណ៍ទឹកភ្លៀងដែលជាឥទ្ធិពលពីព្យុះ ណូរុ (NORU) ដែលចាប់ផ្តើមមានឥទ្ធិពលមកកម្ពុជាត្រឹមថ្ងៃទី២៨ ខែកញ្ញានេះតទៅ។

ទោះនេះជាស្ថានភាពជាក់ស្តែង តែឈរលើស្មារតីត្រៀមរៀបចំជាមុន នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាសេណាធិការជូន សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តារាយ និងកងកម្លាំង និងក្រុមរុករកសង្គ្រោះឲ្យបន្តត្រៀមលក្ខណៈសង្គ្រោះប្រជាពេលរដ្ឋក្នុងករណីមានឥទ្ធិពលខ្លាំងពី ខ្យល់ព្យុះណូរុ៕