(បន្ទាយមានជ័យ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមប្រគល់វិញ្ញាសារប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទូទាំងប្រទេស សម្រាប់បម្រើការងារនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ខាងមុខនេះ។
បើតាមលោក ថំ បណ្ដូល អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានរដ្ឋបាល ក្នុងឱកាសលោកចុះត្រួតពិនិត្យ សម្របសម្រួល និងប្រគល់កញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតជូនដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ព្រោះបញ្ជីបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហេតុនេះ គ.ជ.ប ធ្វើការយ៉ាងហ្មត់ចត់មុននឹងធ្វើការប្រឡងជ្រើសរើសសមាសភាពមន្ត្រីកិច្ចសន្យារយៈពេលខ្លីសម្រាប់ឱ្យបម្រើការងារនៅលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត (លធ.ខប)។
លោក ថំ បណ្ដូល បានបន្តថា ដើម្បីឱ្យការប្រឡងប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាពសុំអនុគណៈកម្មការសម្របសម្រួល និងត្រួតពិនិត្យថ្នាក់រាជធានី ខេត្ត អនុគណៈកម្មការចែកពាក្យ និងទទួលពាក្យ និងរៀបចំការប្រឡងតាមក្រុង ស្រុក ខណ្ឌ ទាំងអស់យកចិត្តទុកដាក់អនុវត្តទៅតាមនីតិវិធី នៃការប្រឡងតាមសេចក្តីសម្រេចរបស់ គ.ជ.ប។
អគ្គនាយករងបានបញ្ជាក់ផងដែរថា ចំពោះវិញ្ញាសាប្រឡងជាគោលការណ៍ទូទៅការប្រឡងមានការប្រឡងសរសេរ-QCM ធ្វើតេស្តកុំព្យូទ័រ៕