(ភ្នំពេញ)៖ ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមន្ត្រីក្រសួង អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាអ្នកឧបត្ថម្ភ ផលិតករ អ្នកដឹកនាំរឿង សិល្បករ និងភ្ញៀវកិត្តិយស សរុបជាង២,០០០នាក់។

ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត និពន្ធឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំការថតដោយ លោក ហ៊ុន ហេង ប្រគុំដោយតន្រ្តីវិទ្យុជាតិកម្ពុជា ច្រៀងដោយ លោក យិន សារិន ហើយនៅពេលនេះ ច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា សម្រួលតន្រ្តីដោយលោក ប៊ូ វណ្ណមុនីរ័ក្ស និងលោក កែវ ម៉ារ៉ា ហើយដឹកនាំការថតឡើងវិញដោយ លោក ហ្វៃ សំអាង។

ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបង្កប់ដោយអត្ថន័យ អត្ថរូប និងអត្ថរសដ៏សម្បូរបែបអំពីខ្សែជីវិតពិត និងការតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ ហើយក្រាញននាលការលំបាកសព្វបែបយ៉ាង ដើម្បីចំណេះវិជ្ជាជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបាន។

គម្រូវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានលាតត្រដាងយ៉ាងល្អឥតខ្ចោះនៅក្នុងភាពយន្តចម្រៀង ជីវិតក្មេងវត្ត ដែលមានផលិតករ៣រូប រួមគ្នា គឺលោកស្រី ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និងឧកញ៉ា អ៊ឹង លីហេង។ ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ឯ.ក បានឧបត្ថម្ភបច្ចេកទេសថត និងសម្ភារៈបម្រើឲ្យការផលិត។ ភាពយន្តចម្រៀងនេះចំណាយថវិកាផលិតអស់ជាង១២ម៉ឺនដុល្លារ ដែលចំណាយពេលលើការផលិតជិត១ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្តែង ការថតរហូតដល់ការកាត់តជាដើម។

លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ឲ្យដឹងថា នេះជាវណ្ណកម្មដ៏វិសេសវិសាលបំផុត ដែលផលិតករ តួសម្តែង ក្រុមការងារទាំងអស់ ក៏ដូចជាអ្នកឧបត្ថម្ភគាំទ្រ ជាពិសេសអ្នកដឹកនាំរឿង លោក ហ្វៃ សំអាង រួមគ្នាយកចិត្តទុកដាក់ ប្រើអស់កម្លាំងចិត្ត សមត្ថភាពនិងធនធាន ដើម្បីផលិត ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រនេះឲ្យល្អបំផុត ព្រោះជាប្រវត្តិរឿងរ៉ាវនិងការតស៊ូរបស់នាយករដ្ឋមន្ត្រី គឺសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាគម្រូសម្រាប់ប្រជាជនខ្មែរទូទៅ ពិសេសយុវជនដែលជាទំពាំងស្នងឫស្សី។

តួអង្គសម្តែងក្នុងរឿងនេះ សុទ្ធសឹងជាសិល្បករសិល្បការិនីល្បីៗ ដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការសម្តែងបានគ្រប់រសជាតិជីវិត យំ សើច កើតទុក មុខជូរ... គឺអាចធ្វើបានទាំងអស់។ ក្នុងនោះមានដូចជា អ្នកគ្រូ ឌីសាវ៉េត កញ្ញា ឌួង សូរីដា លោកឈឹម សក្កដា លោក ប៉ាន់ ខែមម៉ានូ ប្អូនប្រុស អោក ឧត្តម កញ្ញា នីតា វរវង្ស លោក ម៉េងប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និងមានតួអង្គជាច្រើនទៀត។

លោកស្រីផលិតករូបនេះ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ សិល្បករ សិល្បការិនី ដែលមានការលះបង់កម្លាំងកាយចិត្តក្នុងការសម្តែង មិនថាក្តៅ រងារ យប់ថ្ងៃ ចុះបឹង ប្រឡាក់ភក់យ៉ាងណាក្តីនៅប្រឹងរហូតជោគជ័យ តួយ៉ាងកញ្ញា ឌួង ហ្សូរីដា បានលះបង់សក់ជាទីស្រលាញ់ កាត់ខ្លីដើម្បីតម្រូវតាមសាច់រឿង។

លោកស្រី បានបន្តថា សមាគមសិល្បករខ្មែរ កន្លងមកធ្លាប់បានផលិតភាពយន្តរឿង «បន្តោងឆ្នាំដី» រឿង «ទារុណកម្មខ្មោច» ហើយថ្មីៗនេះ សមាគមបានផលិតភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាខ្សែជីវិតពិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ លោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំភាពយន្តចម្រៀង ជីវិតក្មេងវត្ត បានបញ្ជាក់ឲ្យដឹងថា វណ្ណកម្មប្រវត្តិសាស្ត្រដ៏វិសេសវិសាលនេះ មានកិច្ចការនិងការសម្រេចចិត្តធំៗដែលត្រូវធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ទាំងភាសាសន្ទនា ការជ្រើសរើសតួសម្តែង ទីតាំងថត ក្រៅពីនោះនៅមានសម្ភារបច្ចេកទេសទំនើប បច្ចេកទេសកាត់តដែលត្រូវប្រើប្រាស់បម្រើដល់ការផលិត ក្នុងនោះមានក្រុមការងារជំនាញពីគ្រប់ផ្នែកដែលមិនអាចខ្វះបាន។

លោក ហ្វៃ សំអាង ក្នុងនាមអ្នកដឹកនាំសម្តែងដែលមានសមត្ថភាព បានបង្ហាញអារម្មណ៍រំភើបចំពោះវណ្ណកម្ម ភាពយន្តចម្រៀង ជីវិតក្មេងវត្ត ហើយបានរំលឹកពីការយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងឆ្លើយតប និងប្រាប់អំពីដំណាក់កាល នៃជីវិតពិតរបស់សម្តេច ដែលឆ្លុះបញ្ចាំងឲ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីដ៏ខ្ពស់ មិនត្រឹមជាមគ្គុទេសដឹកនាំប្រទេស ស្វែងរកសន្តិភាព ធានានូវស្ថិរភាព និងការអភិវឌ្ឍប៉ុណ្ណោះទេ តែសម្តេចថែមទាំងមានបេះដូងសិល្បៈ យកចិត្តទុកដាក់គ្រប់សេណារីយ៉ោ និងម៉ត់ចត់ជាទីបំផុត ទើបវណ្ណកម្មប្រវត្តិសាស្ត្រមួយនេះ បានសម្រេចយ៉ាងជោគជ័យដ៏ក្រៃលែង។

ឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងជាផលិតករមួយរូប បានប្រាប់ឲ្យដឹងថា នឹងមានវណ្ណកម្មពិសេសៗទាំងទងនឹងភាពយន្តចម្រៀងដែលជាជីវិតពិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបន្តបន្ទាប់ទៀតផងដែរ។

គួររំលឹកថា បទចម្រៀង ជីវិតក្មេងវត្ត ធ្លាប់បានផលិតជាចម្រៀងកាយវិការម្តងហើយកាលពីឆ្នាំ២០០០ ដោយផលិតកម្មហ្សមាស ក្រោមការដឹកនាំដោយ លោក ហ្វៃ សំអាង ហើយក៏មានការគាំទ្រច្រើនពីសំណាក់មហាជន ដោយឡែកការផលិតម្តងទៀតនេះ មានទម្រង់ជាភាពយន្តហើយល្អវិសេសវិសាលបំផុត៕