(ពោធិ៍សាត់)៖ បុរសម្នាក់ មានទំនាស់ជាមួយសមាជិកក្នុងគ្រួសារបន្តិចបន្តួច រួកក៏ទៅចង-ក បញ្ចប់ជីវិត ដោយមិនមានការគិតគូរឲ្យបានវែងឆ្ងាយ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១២៖១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសដែលចង-ក ធ្វើអត្តឃាតនេះមានឈ្មោះ ឈ ដារ៉ា អាយុ៥៦ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ហូយ ចាន់កុសល អាយុ ៤៧ឆ្នាំ មានកូនក្នុងបន្ទុក ២នាក់ ស្រី១នាក់ ប្រុស១នាក់ ។
លោកអធិការបន្តថា មុនពេលកើតហេតុ បុរសដែលធ្វើអត្តឃាតខាងលើនេះបាន ទាស់ពាក្យទាស់សម្តីជាមួយក្រុមគ្រួសារបន្តិចបន្តួច រួចដើរទៅចង-ក ភ្ជាប់ទៅនឹងធ្នឹមរោងផ្ទះបាយ បណ្ដាលឲ្យស្លាប់។
ក្រោយពីទទួលបានដំណឹងភ្លាមៗ កម្លាំងអធិការដ្ឋានស្រុកបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច្ច័យពិនិត្យសាកសព ហើយក៏ឃើញថា សពជនរងគ្រោះពិត ជាបានចងកធ្វើអត្តឃាតដោយការចង-កពិតប្រាកដមែន មិនមែនជា ករណីឃាតកម្មអ្វីនោះឡើយ ។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕