(បន្ទាយមានជ័យ)៖ កាលពីប៉ុន្មានខែមុន នៅតាមបណ្តាញសង្គម Facebook គេបានមើលឃើញនូវ Video Clip មួយរបស់ថ្នាក់ដឹកនាំដ៏សំខាន់ម្នាក់ នៃគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺលោក សម វណ្ណារ៉ា ដែលប្រកាសពីជំហរថា ទោះពេលខ្លូនស្លាប់ទៅ សូមឲ្យសមាជិក និងសកម្មជនយកទង់របស់បក្សរុំសព ហើយបូជាទាំងអស់តែម្តង ដែលនេះជាការស្រឡាញ់ប្តូរផ្តាច់យ៉ាងខ្លាំងចំពោះបក្ស ខណៈដែលខ្លួនបានតស៊ូអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ។
ពេលប្រកាសបែបនេះរបស់ថ្នាក់ដឹកនាំដ៏សំខាន់ ដែលមានតួនាទីជាក្បាលម៉ាស៊ីនរបស់បក្សសម រង្ស៊ី (ឥឡូវបក្សសង្គ្រោះជាតិ) បានធ្វើឡើងនៅពេល ដែលលោកមានជម្ងឺប្រចាំកាយ គ្មានសង្ឃឹមរស់តទៅទៀត ហើយកំពុងរស់នៅជាមួយ កូនប្រុសពិការតាំងពីកំណើត បូករួមជាមួយម្តាយចាស់ជរា និងមានជម្ងឺទៀតផង។ ប៉ុន្តែការសន្យាប្តូរផ្តាច់របស់លោក សម វណ្ណារ៉ា ដែលធ្លាប់បានចូលរួមរស់នៅជាមួយលោក សម រង្ស៊ី តាំងពីនៅគណបក្សជាតិខ្មែរនោះ បានប្រែក្លាយទៅវិញ ដោយគ្មាននរណាម្នាក់នឹកស្មានដល់ នោះគឺលោកបានសម្រេចចិត្តលាចាក ពីគណបក្សប្រឆាំងមួយនេះ ដែលធ្លាប់តស៊ូតាំងស្ទើពាក់កណ្តាលជីវិតទៅហើយ។
ជួបសម្ភាសន៍តាមទូរស័ព្ទជាមួយអង្គភាព Fresh News នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ សមាជិកអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ប្រចាំក្រុងប៉ោយប៉ែត និងធ្លាប់ជាចៅសង្កាត់រងទី២ បានរៀបរាប់ពីការឈឺចាប់ និងអស់ចិត្តយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ គណបក្សដែលលោកចាត់ទុកថា ផ្តាច់ការ បក្ខពួកនិយម និងអត្តនោម័ត រហូតលោកបានសម្រេចចិត្តដើរចេញ និងកំពុងសុំចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា បើសិនបក្សកាន់អំណាចមួយនេះមិន ប្រកាន់និន្នាការនោះ។ មូលហេតុដែលនាំលោក សម វណ្ណារ៉ា បានដាក់លាពាក្យឈប់ចេញពីគណបក្សសង្គ្រោះជាតិ ដែលធ្លាប់បានតស៊ូអស់រយៈពេលប្រមាណ២០ឆ្នាំមកនេះ បានបង្ហាញនូវចំណុចធំៗមួយចំនួន ដែលលោកទ្រាំមិនបាន នោះគឺការដឹកនាំរបៀបផ្តាច់ការទាំងថ្នាក់ក្រុង ខេត្ត និងថ្នាក់ជាតិ បក្ខពួកនិយម និងសម្រេចអ្វីមួយជាលក្ខណៈអត្តនោម័ត មិនធ្វើឡើងតាមរយៈការបោះឆ្នោតផ្ទៃក្នុងជាដើម។
អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលអះអាងថា តែងតែជេរគណបក្សប្រជាជនកម្ពុជាខ្លាំងជាងគេ ប្រចាំខេត្តបន្ទាយមានជ័យនោះ បានរំលឹកខ្លះៗថា ការដឹកនាំបក្សសង្គ្រោះជាតិ នៅក្រុងប៉ោយប៉ែត គឺដឹកនាំគ្រប់បែបយ៉ាងទៅលើតែបុគ្គលម្នាក់ឈ្មោះ មាន សារិទ្ធ រយៈពេលប្រមាណ២០ឆ្នាំមកហើយ និងសូម្បីតែលោកមានតួនាទីជាប្រធានលេខាធិការបក្សក្រុង ក៏ការងារទាំងអស់ ត្រូវបានលោក មាន សារិទ្ធ យកទៅកាន់កាប់ដែរ រហូតមានការឈ្លោះប្រកែកគ្នា ពេលប្រជុំដោះស្រាយជាមួយថ្នាក់ខេត្ត តែអ្វីៗបានស្ងប់ស្ងាត់ទៅវិញ ដោយគ្មានដំណោះស្រាយទាល់តែសោះ។
លោក សម វណ្ណារ៉ា ដែលបានតស៊ូជាមួយបក្សតាំងពីមានផ្ទះវីឡា មានឡាន Lexus ជិះ មានលុយចាយវាយ ជួយបក្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយធ្លាក់ខ្លួនឈឺ និងរកផ្ទះនៅស្ទើរតែគ្មាននោះបានថ្លែងថា «ខ្ញុំ ឈឺ ខ្ញុំជា ខ្ញុំខំលូនទៅធ្វើការរហូត តែពេលនេះ ពួកគេចង់ឲ្យខ្ញុំចាកចេញពីបក្ស ហើយគ្មានបានអ្វីក្រៅពីការអស់សង្ឃឹម និងការឈឺចាប់នោះទេជាមួយបក្សប្រឆាំង ជេរគេផ្តាច់ការ តែខ្លួនឯងទេដែលផ្តាច់ការនោះ»។
នៅពេលដែលលោកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ពីដំបូងមានថ្នាក់ដឹកនាំបក្សថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ក្រុងនាំយកអំណោយ (ភាគច្រើនបានមកពីក្រៅប្រទេស) មកជូនតែចាប់ពីពេលនោះទៅ គឺបាត់រហូតមិនឃើញមកទៀតទេ។ ថ្នាក់ដឹកនាំបក្សប្រឆាំងរូបនេះ បែរជាងាកមកសរសើរថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាទាំងថ្នាក់ខេត្ត និងថ្នាក់ក្រុង ជាពិសេសលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលមិនបានប្រកាន់និន្នាការ ហើយបានមកសួរសុខទុក្ខ និងនាំអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន មកប្រគល់ជូន ព្រមទាំងជួយធ្វើផ្ទះទៀតផង។
នៅពេលសួរថា តើលោកនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែរឬទេ លោក សម វណ្ណារ៉ា ដែលមានអាយុ៤៣ឆ្នាំ និងបានជាសះស្បើយពីជម្ងឺដ៏ធ្ងន់ធ្ងររូបនេះ បានឆ្លើយទាំងមិនអល់ឯកថា «ខ្ញុំសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ចូលរួមបម្រើសម្តេចតេជោ ហ៊ុន សែន ចូលរួមធ្វើសកម្មភាពជួយបក្ស បើសិនបក្សប្រជាជនមិនប្រកាន់នឹងខ្ញុំ»។
បើតាមថ្នាក់ដឹកនាំដ៏សំខាន់របស់បក្សប្រឆាំងរូបនេះ នៅពេលលោកចាកចេញ នោះមានសមាជិកក៏មិនតិចដែរ កំពុងពិចារណា តើគួរតែចេញដែរឬទេ ពីព្រោះលោកជាថ្នាក់ដឹកនាំ នៅមិនស្តាយស្រណោះតំណែង ចុះទំរាំពួកគេជើងក្រោមគិតយ៉ាងណាដែរ?
សូមបញ្ជាក់ថា លោក សម វណ្ណារ៉ា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រតិបត្តិក្រុងប៉ោតប៉ែត ខេត្តបន្ទាយមានជ័យ របស់គណបក្សសង្គ្រោះជាតិ បានដាក់លិខិតសុំលាលែងពីតំណែង លេខាធិការក្រុង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។ ជាមួយគ្នានេះ កាលពីប៉ុន្មានថ្ងៃមុននេះផងដែរ លោក អាត់ ខែម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខលោក សម វណ្ណារ៉ា និងក្រុមគ្រួសារមានកូនពិការ និងម្តាយចាស់ជរា មានជម្ងឺលើសឈាមដល់លំនៅដ្ឋាន ព្រមទាំងការផ្តល់អំណោយមួយចំនួនផងដែរ៕