(តាកែវ)៖ ដោយមានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ សមត្ថកិច្ច កម្លាំងចម្រុះនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី បានខិតខំប្រឹងប្រែងថែរក្សាសណ្តាប់ធ្នាប់របៀបរាបរយ សន្តិសុខ សុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ធ្វើបុណ្យទាន នារដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅទូទាំងវត្តអារាម នៃស្រុកបាទី ខេត្តតាកែវ គឺមិនមានអ្វីគួឱ្យកត់សម្គាល់នោះឡើយ។
បើតាមលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តតាកែវ ការថែរក្សាសណ្តាប់ធ្នាប់របៀបរាបរយ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ធ្វើបុណ្យទាន នាឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រយៈពេល ១៥ថ្ងៃ គឺមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះឡើយ គឺដោយសារទាំងកម្លាំងចម្រុះរបស់លោក ក៏ដូចជា កម្លាំងតាមបណ្តាប៉ុស្តិ៍ ឃុំ ភូមិ តែងតែចុះល្បាតទាំងយប់ទាំងថ្ងៃ ជាប់ជាប្រចាំនៅក្នុងមូលដ្ឋានស្រុកបាទី ធ្វើយ៉ាងណាឱ្យតែប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ ធ្វើបុណ្យទានបានស្រួល។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី ក៏បានលើកឡើងថា នៅទូទាំងស្រុកបាទី នារដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មានសណ្តាប់ធ្នាប់របៀបរាបរយ សន្តិសុខ សុវត្ថិភាពបានល្អប្រសើរបែបនេះ ក៏ដោយសារបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ពុទ្ធបរិស័ទទាំងអស់ ចេះចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការជួយថែរក្សា ការពាររបស់ទ្រព្យរៀងៗខ្លួនតាមផ្ទះ និងតាមវត្តអារាមនានា ទើបមានសន្តិសុខល្អ៕