(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនារយៈពេល៥ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋប្រមាណ៣៥,០០០នាក់ បានទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ «សម្រាប់រយៈពេល៥ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៥,០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ»។
លោកបានបន្តលើកឡើងថា សម្រាប់ប្រជាពលរដ្ឋដែលបានទទួលសេវានេះពួកគាត់បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អនុសាសន៍ឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបញ្ចេញរថយន្តក្រុងសាធារណៈ ចំនួន១៧៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងទៅមកតាមណ្តាខេត្ត រយៈពេល ៥ថ្ងៃកន្លងមកនេះ។ ពួកគាត់ក៏បានអរគុណផងដែរ ចំពោះបុគ្គលិកបើកបរ និងបុគ្គលិកបម្រើការដទៃទៀតនៃ City Bus ដែលបានស្ម័គ្រចិត្តបម្រើប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវនារដូវបុណ្យភ្ជុំនេះ។
ទន្ទឹមនឹងការយកចិត្តទុកដាក់នេះ និងដើម្បីជំរុញឱ្យការងារនៃការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃនេះ ទទួលបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា កន្លងនេះ លោក ឃួង ស្រេង បានចុះពិនិត្យការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានា ដោយមិនគិតថ្លៃជាក់ស្តែង នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ ជាមួយនឹងការស្វាគមន៍ដោយក្ដីញញឹម ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន៕