(បាត់ដំបង)៖ លោក ផេង សិទ្ធី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង និងភរិយា ព្រមទាំងសហការី នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់អនុសាខាចែកជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ២០គ្រួសារ រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង។

នាឱកាសនោះ ប្រធានគណៈកម្មាធិការអនុសាខាក្រុង បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»

លោក ផេង សិទ្ធី ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងនោះសូមឱ្យចៀសផុតពីជំងឺកូវីដ១៩ រៀនរស់នៅជាមួយជំងឺកូវីដ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ដូស និងបានគ្រប់ៗគ្នា។

អំណោយដែលអនុសាខាផ្តល់ជូនរួមមានក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរទឹកបរិសុទ្ធវីឃែរ ១កេស ក្នុងនោះថវិកាចំនួន ១ម៉ឺនរៀល ដែលជាអំណោយរបស់លោកស្រី សោម ផល្លីន៕