(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានធ្វើការថ្កោលទោសយ៉ាងដាច់អង្ហាការ ចំពោះអំពើហិង្សា មកលើកម្មករ និយោជិត នៅមុខរោងចក្រ យ៉កម៉ាស កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ដែលបង្កឱ្យកម្មកររបួសធ្ងន់៣នាក់និងស្រាល ៥នាក់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែរថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងនោះដែរ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានចាត់ទុកទង្វើដ៏ឃោរឃៅនេះ មិនបានឆ្លើយតបទៅនឹងប្រទេសនីតិរដ្ឋដែលកម្ពុជា កំពុងពង្រឹង និងអនុវត្តលើគោលការណ៍ភូមិ-ឃុំ មានសុវត្ថិភាពនោះទេ។ ម៉្យាងទៀត លោកស្រី ទេព គឹមវណ្ណារី ក៏សូមអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការណ៍ចំពោះជនដៃដល់ និងជននៅពីក្រោយខ្នងមកផ្ដន្ទាទោសចំពោះមុខច្បាប់ ជាធរមាន។
សូមបញ្ជាក់ថា កម្មករោងចក្រ២ក្រុម ពេលចេញមកធ្វើកូដកម្មនៅខាងមុខរោងចក្រ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅខណ្ឌ ពោធិ៍សែនជ័យ បានកើតជម្លោះរហូតផ្ទុះហិង្សា វាយតប់គ្នាយ៉ាងអនាធិបតេយ្យ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាង១០នាក់។
សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មានកម្មករនិយោជិត របស់ក្រុមហ៊ុន យ៉កម៉ាស (ខេមបូឌា) ហ្គាមេន អិមអេហ្វជី នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិត៣០០នាក់ ក្នុងចំណោមកម្មករជាង៧០០នាក់ បានផ្ទុះធ្វើកូដកម្ម នៅខាងក្រៅរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន ដោយក្នុងនោះរួមមាន ទី១- សុំឲ្យក្រុមហ៊ុន ផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែមចំនួន ៥ដុល្លារ ទី២- សុំឲ្យក្រុមហ៊ុនកែប្រែប្រធាន ផ្នែកផលិតកម្ម ជនជាតិចិននៅផ្នែកតុកាត់ មុនពេលធ្វើអ្វីចំពោះកម្មករត្រូវមានហេតុផល សមរម្យ ទី៣- សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់បាយថែមម៉ោងថ្ងៃអាទិត្យចំនួន៦០០០រៀល ទី៤- សុំឲ្យក្រុមហ៊ុនចាត់វិធានការតាមបទបញ្ជា ផ្ទៃក្នុង និងច្បាប់ការងារចំពោះតំណាងសហជីពស្មារតីកម្មករខ្មែរ ចំនួន៤នាក់ ដែលបានវាយកម្មករកន្លងមកនៅក្នុងរោងចក្រនិង លក្ខខណ្ឌការងារមួយចំនួនទៀត។
នៅពេលដែលក្រុមកម្មករទាំងនេះ កំពុងធ្វើកូដកម្មនោះ ស្រាប់តែនៅពេលថ្ងៃត្រង់មានក្រុមកម្មករ ដឹកនាំដោយមន្រ្តីសហព័ន្ធសហជីពស្មារតីកម្មករខ្មែររបស់លោក មុំ សៀក ជាង៣០នាក់ បានមកអុកឡុក និងវាយបង្រ្កាបមកលើកម្មករ ដែលកំពុងធ្វើកូដកម្មនៅខាងមុខ រោងចក្រ ធ្វើឲ្យមានកម្មកររងរបួសធ្ងន់បែកក្បាលចំនួន៣នាក់ និងរងរបួសស្រាលជាង១០នាក់ ត្រូវបានបញ្ជូនទៅ សម្រាកនិងព្យាបាលនៅគ្លីនីកឯកជន។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា មានសហភាពសហព័ន្ធ៧ និងសហព័ន្ធសហជីព សមាគម អង្គការ៧៣ជាសមាជិក ក្រុមប្រឹក្សាភិបាល៕