(តូក្យូ, ជប៉ុន)៖ ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឆ្លៀតជួបសម្តែងការគួរសមជាមួយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយា របស់លោក អាបេ ផងដែរ។

ដោយសារតែនាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់លោក អាបេ កំពុងមមាញឹកនឹងកិច្ចការបុណ្យសពរបស់លោកអាបេនោះ ដូច្នេះឱកាសជួបសម្តែងការគួរសមមិនបានយូរឡើយ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បាននាំនូវព្រះរាជបន្ទូលព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណទុក្ខជាមួយរដ្ឋាភិបាល និងក្រុមគ្រួសាររបស់លោក អាបេ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។

នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់លោក អាបេ, សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយប្រកបដោយភាពក្រៀមក្រំជាទីបំផុត។ សម្តេចតេជោ បានគូសបញ្ជាក់ថា មរណភាពរបស់លោក អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក អាបេ ជាមេដឹកនាំមួយរូប ដែលមានគុណបំណាច់យ៉ាងធំធេងសម្រាប់កម្ពុជា៕