(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានណែនាំឱ្យអាជ្ញាធរឃុំត្រូវស្រង់ស្ថិតិខ្នងផ្ទះ ស្រែចម្ការ ផ្លូវលំ និងហេដ្ឋារចនាសម្ពន្ធផ្សេងៗដែលកំពុងលិចលង់ឱ្យបានជាក់លាក់ ហើយត្រូវយកចិត្តទុកដាក់ទ្វេដងចំពោះប្រជាពលរដ្ឋដែលប្រឈមហានិភ័យដោយសារទឹកជំនន់។

ការណែនាំនេះធ្វើឡើងក្នុងពេលលោកអភិបាលស្រុកដឹកនាំសហការី កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរឃុំ/ភូមិបានចុះជួយប្រជាពលរដ្ឋចំនូន៤៤គ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅក្នុងភូមិបេង និងភូមិចន្លុះ ឃុំបន្ទាយស្ទោង និងភូមិបុសតាសោម ឃុំរុងរឿង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាសនោះ រដ្ឋបាលស្រុកស្ទោងក៏បានប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋទាំង៤៤គ្រួសារខាងលើ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស និងទឹកបរិសុទ្ធ២យួរ។

ជាមួយគ្នានោះ លោកអភិបាលស្រុកក៏បានជំរុញរដ្ឋបាលឃុំត្រូវយកចិត្តទុកដាក់ដល់ពលរដ្ឋដែលកំពុងត្រូវទឹកជន់លិចឱ្យបានទាន់ពេល។

លោកក៏បានអំពាវនាវដល់រដ្ឋបាលឃុំគ្រប់ឃុំ និងប្រជាពលរដ្ឋដែលនៅអមសងខាង និងនៅតាមបណ្ដោយស្ទឹងស្ទោងត្រូវបង្កើនការប្រុងប្រយ័ត្នថែមទៀត ព្រោះទឹកភ្លៀង ទឹកស្ទឹងស្ទោង ពិសេសអាងទឹក៣០កញ្ញានៅមិនទាន់ស្រកផុតពីកម្រិតប្រកាសអាសន្ននៅឡើយ ជាពិសេសត្រូវមើលថែកូនចៅតូចៗកុំបណ្ដោយឱ្យលេងទឹកផ្តេសផ្តាស ឬបណ្តោយទុកកូនចៅក្មេងៗនៅតែឯង ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ផ្សេងៗ។

គួរបញ្ជាក់ថា រដ្ឋបាលស្រុកស្ទោងបានជូនដំណឹងរួចហើយស្តីពីស្ថានភាពកម្ពស់ទឹកស្ទឹងស្ទោង និងអាងទឹក៣០កញ្ញា ដើម្បីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់។ នៅថ្ងៃម្សិលមិញនេះដែរ អាជ្ញាធរខេត្តកំពង់ធំក៏បានសម្រេចផ្អាកចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់នៅកំណាត់ផ្លូវមួយចំនួននៅភូមិសាស្ត្រស្រុកស្ទោងនេះ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងនៅតែបន្តជន់ឡើង៕