(ឥណ្ឌូណេស៉ី)៖ កម្ពុជាបានពិភាក្សាជាមួយស្ថាប័នក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក (World Travel and Tourism Council) ព្រមទាំងទាក់ទាញបានជំនួយបច្ចេកទេស ការបន្តកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ការសន្យាជួយគាំទ្រនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស្យូលា ស៉ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក នាឱកាសដែលលោករដ្ឋមន្ត្រី ថោង ខុន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ (World Tourism Day 202) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។

នាឱកាសពិភាក្សានោះ ភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមកលើវិស័យទេសចរណ៍។ យោងតាមកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្របតាមសំណើរបស់កម្ពុជា ប្រធានក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោកបានសន្យាផ្ដល់ជំនួយបច្ចេកទេសជួយរៀបចំគណនីរណបទេសចរណ៍ (Tourism Satellite Account) ដើម្បីវាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ចពីវិស័យទេសចរណ៍នៅកម្ពុជា។

លោកស្រីប្រធាន ស្យូលា ស៉ីមផ៍សុន បានសន្យាផ្ដល់ការគាំទ្រដល់ក្រសួងទេសចរណ៍កម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធមូលដ្ឋានធានាចីរភាពក្នុងសេវាកម្មសណ្ឋាគារ (Hotel Sustainability Basics)។

ក្រៅពីនេះ ក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោកក៏នឹងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅទីផ្សារអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត និងផ្ដល់កិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ឌីជីថល ក៏ដូចជាអក្ខរកម្មឌីជីថល។

ប្រធានក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោកក៏បានចែករំលែកបទពិសោធន៍ និងសារសំខាន់នៃការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងបរិបទកូវីដ១៩ ដែលនិន្នាការទេសចរណ៍នេះមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកស្រី ស្យូលា ស៉ីមផ៍សុន បានកត់សម្គាល់អំពីការចូលរួមដ៏សំខាន់របស់វិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចកម្ពុជា ហើយបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក វិស័យទេសចរណ៍និងធ្វើដំណើរកម្ពុជាមុនវិបត្តិកូវីដ១៩ ឆ្នាំ២០១៩ ចូលរួមក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាង២៥%។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបានជម្រាបដល់ក្រុមប្រឹក្សាពិភពលោកនេះអំពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថាកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការចង្អុលបង្ហាញផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចាត់ទុកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីធានាបានភាពស៊ាំសហគមន៍ កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងពិភពលោក ដែលបានបើកប្រទេសឡើងវិញ ជាពិសេសការដាក់ដំណើរការសកម្មភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញ និងបើកប្រទេសទទួលទេសចរចាក់វ៉ាក់សាំងពេញលេញចាប់ពីចុងឆ្នាំ២០២១។

លោកបានបន្តថា ក្នុងដំណើរការស្ដារនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍កំពុងសហការជាមួយផ្នែកឯកជន និងភាគីពាក់ព័ន្ធអនុវត្តផែនទីចង្អុលផ្លូវស្ដីពីការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២៥ យ៉ាងសកម្ម។

លោក ថោង ខុន បានបញ្ជាក់ជូនក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោកថា រយៈពេល៩ខែដើមឆ្នាំ២០២២នេះ ទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាអាចឈានដល់១.២៥លាននាក់ ក្នុងកំណើន៨៥០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕